អ៊ីស្រាអែល និយាយថា ក្រុម​ចលនា​ហា​ម៉ា​ស់បាន​ទប់ស្កាត់​ការតវ៉ា ក្រោយ​ការព្រមាន​របស់​មន្ត្រី​អេ​ហ្ស៊ី​ប​

6 ថ្ងៃ កន្លងទៅ DNT-NEWS

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Jerusalem Post នៅ​ថ្ងៃទី​១៧ ឧសភា​នេះ​បាន​ឲ្យ​ដឹងថា ការតវ៉ា​របស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្កា​ហ្សា បាន​ស្ងប់​វិញ​ហើយ បន្ទាប់ពី​មាន​របាយការណ៍​និយាយថា មន្ត្រី​អេ​ហ្ស៊ី​ប​បាន​ចូល​អន្តរាគមន៍​នៅក្នុង​ជម្លោះ​នេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ចលនា​ហា​ម៉ាស់​អ៊ីស្លាម​ដ៏​មាន​ឥទ្ធិពល​នៅ​តំបន់​ហ្កា​ហ្សា បាន​បដិសេធថា ខ្លួន​ស្ថិតនៅក្រោម​សម្ពាធ​ពី​អេ​ហ្ស៊ី​ប ដែល​បាន​បង្ក​ជា​បាតុកម្ម​ដែលមាន​រយៈពេល ៦​សប្តាហ៍​។ ពួកគេ​និយាយថា ពួកគេ​នឹង​នៅតែ​បន្តសកម្មភាព​របស់​ពួកគេ បើទោះបីជា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ឥឡូវនេះ កំពុងតែ​ប្រមូល​ផ្តុំគ្នា នៅក្នុង​ជុំរំ​តង់​សម្រាប់​ការតវ៉ា​។​

​ក្រុមគ្រូពេទ្យ​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ពីរ​នាក់​ត្រូវបាន​គេ​បាញ់សម្លាប់​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​អង្គារ នៅតាម​បណ្តោយ​ព្រំដែន​ដែលមាន​ចម្ងាយ ៥១ គីឡូម៉ែត្រ​។ កាលពី​ថ្ងៃ​ចន្ទ​មាន​មនុស្ស ៦០ នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ការតវ៉ា ដែល​សហរដ្ឋអាមេរិក​បាន​ប្តូរ​ទីតាំង​ស្ថានទូត​របស់ខ្លួន​មកកាន់​ទីក្រុង​យេ​រូ​សា​ឡឹម​។​

​ថ្ងៃ​ដែល​បង្ហូរឈាម​សម្រាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ បាន​បង្កើត​ទៅជា​វិបត្តិ​ការទូត គួ​ឲ្យ​ព្រួយបារម្ភ​។ រដ្ឋអំណាច​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​បាន​បោះបង់ចោល​នូវ​ភាពជា​អាជ្ញាកណ្តាល នៅក្នុង​ជម្លោះ​នេះ ដែលមាន​រយៈ ៧០​ឆ្នាំ​កន្លងទៅ​។ វិបត្តិ​នេះ បាន​ញ៉ាំង​ឲ្យ​អ៊ីស្រាអែល និង​តួ​ក​គី បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​ចេញពី​ប្រទេស​រៀងៗ​ខ្លួន​។​

​កាលពី​ថ្ងៃ​ពុធ ក្រសួងការបរទេស​ប៉ា​ឡេ​ស្ទី​ន​បានប្រកាស​កោះហៅ​បេសកជន​របស់ខ្លួន​នៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី ហុង​គ្រី អូទ្រីស និង​សាធារណរដ្ឋ​ឆេ​ក​ដោយសារ​ប្រទេស​ទាំង​នោះបាន​ចូលរួម​នៅក្នុង​ពិធី​ទទួល​គណៈប្រតិភូ​សហរ​ដ្ឋ​អាមេរិក​ដែល​បាន​បើកសម្ពោធ​ស្ថានទូត​នៅក្នុង​ទីក្រុង​យេ​រូ​សា​ឡឹម​។​

​អ៊ីស្រាអែល​បាន​ចោទថា បាតុកម្ម​ដែល​ធ្វើឡើង​នេះ គឺជា​បាតុកម្ម​ដែលមាន​ចលនា​ហា​ម៉ាស់​នៅ​ពី​ក្រោយខ្នង​។ ប៉ុន្តែ​ទោះ​មានការ​ចោទប្រកាន់​ដូច្នេះ​ក៏ដោយ ក្រោម​ចលនា​ហា​ម៉ា​ស់បាន​ច្រានចោល​នូវ​ការចោទប្រកាន់​នេះ​។​

​នៅក្នុង​សុន្ទរកថា​មួយ កាលពី​ល្ងាច​ថ្ងៃ​ពុធ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ដកស្រង់​តួលេខ​ពី​លោក Salah al Bardaweel មន្ត្រី​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា​ដោយ​និយាយថា យើង​ដឹង​ពី​ចំនួន​ប្រហាក់ប្រហែលគ្នា ហើយ​អ៊ីស្រាអែល​នឹង​បន្ត​ការពារ​ខ្លួន​ឱ្យបាន​ច្រើន​តាម​ដែល​ខ្លួន​ត្រូវការ​។ ទាក់ទង​ទៅនឹង​ក្រុម​ចលនា​ហា​ម៉ាស់​នេះដែរ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អ៊ីស្រាអែល​បញ្ជាក់ថា ខ្លួន​បាន​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​ចលនា​ហា​ម៉ាស់​ដោយ​ប្រើ​កាំភ្លើង​ធំ កាណុង​ធំ និង​ប្រើ​យន្តហោះ​ចម្បាំង​ផង​។​

​យន្តហោះ​អ៊ីស្រាអែល​បាន​បាញ់​ទៅលើ​គោលដៅ​ចំនួន ៤​កន្លែង​របស់​ក្រុម​ចលនា​ហា​ម៉ាស់ នៅ​ភាគ​ខាងជើង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប កាលពី​ពាក់កណ្តាល​យប់មិញ ដើម្បី​ឆ្លើយតប​នឹង​ការបាញ់​កាំភ្លើង​ធុន​ធ្ងន់ ដែល​បាន​វាយប្រហារ​ទៅលើ​ទីប្រជុំជន Sderot របស់​អ៊ីស្រាអែល​។ មិនទាន់មាន​សេចក្តីរាយការណ៍​លំអិត​អំពី​ចំនួន​អ្នករងរបួស ឬ​ស្លាប់​នៅឡើយ​ទេ​។​

​ក្បួន​តវ៉ា​ដែល​គេ​ហៅថា March of Return តែង​ចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃទី​៣០ មីនា ដើម្បី​ទាមទារ​មកវិញ​នូវ​ដីធ្លី ដែល​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ត្រូវបាន​បណ្តេញ​ដោយ​កម្លាំង​អ៊ីស្រាអែល បន្ទាប់ពី​អ៊ីស្រាអែល​បាន​ចូល​កាន់កាប់​តំបន់​ដែល​ប៉ា​ឡេ​ស្ទី​ន​រល់​នៅ កាលពី​ឆ្នាំ ១៩៤៨​។​

​ជាមួយនឹង​ការបង្ក្រាប​ពី​សំណាក់​អ៊ីស្រាអែល​ទៅលើ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​នេះ ត្រូវបាន​រង​ការរិះគន់ និង​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​អ៊ីស្រាអែល​។ ដោយឡែក មាន​អ្នកវិភាគ​ជាច្រើន​ក៏បាន​រិះគន់​ចំពោះ​ទង្វើ​នេះ​ផងដែរ​។ អ្នកវិភាគ​ខ្លះ​និយាយថា ទង្វើ​របស់​អ៊ីស្រាអែល​នេះ គឺជា​ទង្វើ​យង់ឃ្នង​ទៅលើ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ដែលជា​ជនស្លូតត្រង់​គ្មាន​អាវុធ​ក្នុង​ដៃ​។ សហរដ្ឋអាមេរិក​គឺជា​អ្នក​បញ្ឆេះ​ស្ថានការណ៍ ដោយសារតែ​អាមេរិក​បាន​ប្តូរ​ទីតាំង​ស្ថានទូត​របស់ខ្លួន​។

​បន្ថែម​លើស​នេះ អាមេរិក​ក៏បាន​រាំងខ្ទប់​មិន​ឲ្យ​មាន​ការបើក​ការស៊ើបអង្កេត​ទៅលើ​ការប្រើ​កម្លាំង​ទៅលើ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​បន្ថែមទៀត​។ ទោះបីជា​មានការ​លើកឡើង​បែបនេះ​ក៏ដោយ សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ធ្លាប់បាន​លើកឡើងថា ការប្រើ​កម្លាំង​នេះ គឺ​គ្រាន់តែ​ជាការ​ការពារ​ខ្លួន​តែប៉ុណ្ណោះ ម្យ៉ាងទៀត ក្រុមបាតុករ​ទាំងនោះ គឺធ្វើឡើង​ដោយមាន​ក្រុម​ចលនា​ហា​ម៉ាស់​នៅ​ពី​ក្រោយខ្នង​។​

​របាយការណ៍​ស្តីពី​សម្ពាធ​អេ​ហ្ស៊ី​ប​ទៅលើ​ក្រុម​ហា​ម៉ាស់ បាន​ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ក្រុម​ហា​ម៉ាស់ លោក Ismail Haniyeh កាលពី​ថ្ងៃអាទិត្យ​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប ដែល​បាន​ព្យាយាម​ដើរតួ​ជា​ឈ្មួញកណ្តាល​រវាង​ក្រុម​ហា​ម៉ាស់ និង​អ៊ីស្រាអែល និង​ក្រុម​ប៉ា​ឡេ​ស្ទី​ន​ដទៃទៀត​។

​រដ្ឋមន្ត្រី​ស៊ើបអង្កេត​អ៊ីស្រាអែល លោក Katz បាន​និយាយថា ប្រមុខ​ចារកម្ម​អេ​ហ្ស៊ី​ប​ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា អេ​ហ្ស៊ី​ប​នឹងមិន​ជួយ​ក្រុម​ចលនា​ហា​ម៉ាស់​នោះទេ បើសិនជា​ក្រុម​នេះ​នៅតែ​បន្តធ្វើ​បាតុកម្ម​ទៀត ខណៈដែល​អ៊ីស្រាអែល​នឹង​ចាត់​វិធានការណ៍​ចំពោះ​ក្រុម​នេះ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2