• Giloba

កិច្ចប្រជុំ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ នៅ​សិង្ហ​បុរី រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​លោក ដូ​ណា​ល់​ត្រាំ ទទួលបាន​ផ្លែផ្កា​អ្វី ?

2 ខែ កន្លងទៅ ណូ​រ៉ា

​កាលពី​ម្សិលមិញ​នេះ នៅក្នុង​កិច្ចប្រជុំ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ នៅ​សិង្ហ​បុរី មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​អញ្ជើញលោក​ដូ​ណា​ល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ឲ្យ​ធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង ហើយ​លោក​ត្រាំ​ក៏បាន​យល់ព្រម​ដែរ​។ ដោយឡែក​លោក​ដូ​ណា​ល់ ត្រាំ​វិញ​ក៏បាន​អញ្ជើញលោក​គីម ជុង​អ៊ុន​ធ្វើ​ទស្សនកិច្ច​ទៅ​សេត​វិមាន​ដូចគ្នា​។ លោក​គីម​ក៏បាន​យល់ព្រម​ប៉ុន្ដែ​កាលបរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​ទាំងពីរ​នៅ​មិនទាន់​បញ្ជាក់​ទេ​។​

​នៅក្នុង​ជំនួប​រវាង​លោក​ត្រាំ និង​លោក​គីម​មាន​រយៈពេល​សរុប​ជិត ៥​ម៉ោង​ដោយ​ចាប់ផ្តើម​ពី​ជំនួប​ទល់មុខ​គ្នា​ប្រមាណ​ជា ៤០​នាទី បន្ត​ដោយ​កិច្ចប្រជុំ​ការងារ និង​ការ​ស្រស់ស្រូប​អាហារ​ថ្ងៃត្រង់​រួមគ្នា​។ លោក​ត្រាំ និង​លោក​គីម​សុទ្ធតែ​បាន​អះអាង​ដូចគ្នា​ពី​ជំនួប​ដ៏​អស្ចារ្យ និង​ពោរពេញ​ដោយ​ភាពកក់ក្តៅ​។

​នៅ​ចុងបញ្ចប់​នៃ​ជំនួប លោក​ត្រាំ និង​លោក​គីម​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមមួយ​។​

​សេចក្តីថ្លែងការណ៍​បាន​ផ្តោត​សំខាន់​លើ ៤ ចំណុច ទី​១ អាមេរិក និង​កូរ៉េខាងជើង​សន្យា​នឹង​ស្ថាបនា​ទំនាក់ទំនង​ថ្មី​រវាង​គ្នា​ដោយ​អនុលោម​តាម​ឆន្ទៈ​សន្តិភាព និង​ភាពរុងរឿង​របស់​ពល​រដ្ឋ​នៃ​ប្រទេស​ទាំងពីរ ទី​២ អាមេរិក និង​កូរ៉េខាងជើង​នឹង​រួបរួមគ្នា​ប្រឹងប្រែង​កសាង​របប​សន្តិ​ភាព​មួយ​យូរអង្វែង និង​មាន​ស្ថិរភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ ទី​៣ បញ្ជាក់​ជាថ្មី​ពី​សេចក្តីថ្លែងការណ៍ Panmunjom ចុះហត្ថលេខា​ថ្ងៃទី​២៧ មេសា ឆ្នាំ ២០១៨ ដែល​កូរ៉េខាងជើង​សន្យា​បំបាត់​នុយក្លេអ៊ែរ​ចោល​ទាំងស្រុង​នៅក្នុង​ឧបទ្វីប​កូរ៉េ និង​ទី​៤ អាមេរិក និង​កូរ៉េខាងជើង​សន្យា​បន្ត​ស្វែងរក​អដ្ឋិធាតុ​អ្នកទោស​សង្គ្រាម និង​អ្នក​បាត់​ខ្លួន​ក្នុងសម័យ​សង្គ្រាម ហើយ​បញ្ជូន​ចេញ​ភ្លាមៗ​ចំពោះ​អដ្ឋិធាតុ ឬ​អ្នក​បាត់​ខ្លួន​ដែល​បាន​ស្គាល់​អត្តសញ្ញាណ​។​

​មាន​ចំណុច​សំខាន់​ចំនួន​ពីរ​ដែល​គេ​អាច​ទាញ​ចេញពី​សេចក្តីថ្លែងការណ៍​រួម ទី​១ ការសន្យា​របស់លោក​គីម​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ និង​ទី​២ ការសន្យា​ធានា​សន្តិសុខ​របស់លោក​ត្រាំ​ចំពោះ​របប​ក្រុង​ព្យុងយ៉ាង​។ ទាំង​លោក​ត្រាំ និង​លោក​គីម​សុទ្ធតែ​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​សុ​ឆន្ទៈ​ចង់​សម្រុះសម្រួល និង​ហាក់​បាន​យល់​ពី​ផលវិបាក​នៃ​ការប្រឈមមុខ​ដាក់គ្នា​។ លោក​ត្រាំ និង​លោក​គីម​បាន​យល់ឃើញ​ដូចគ្នា​ថា មានតែ​ការបង្កើត​ឲ្យ​មាន​ឡើងវិញ​នូវ​ទំនាក់ទំនង​រវាង​គ្នា​ទេ​ទើប​គេ​អាច​ចូលរួមចំណែក​កសាង​សន្តិភាព និង​ភាពសំបូររុងរឿង​នៅក្នុង​ឧបទ្វីប​កូរ៉េ និង​នៅក្នុង​ពិភពលោក​បាន​។​

​នៅក្នុង​លិខិត​ផ្ញើ​ជូនទៅ​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​សង្កត់ធ្ងន់ថា «​កិច្ចប្រជុំ​កំពូល​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង គឺជា​ជំហាន​ឆ្ពោះទៅមុខ​យ៉ាងខ្លាំង​មួយ ហើយ​សិង្ហ​បុរី​មាន​កិត្តិយស ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ​...»​។​

​គួរ​បញ្ជាក់ថា ការចាកចេញ​របស់លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន​វិញ ត្រូវបាន​សារព័ត៌មាន​សិង្ហ​បុរី​ចេញផ្សាយ​ថា ធ្វើឡើង​នៅ​យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​លោក ត្រាំ ធ្វើដំណើរ​តាម​យន្តហោះ Air Force One ចាក​ពី​សិង្ហ​បុរី​នៅវេលា​ម៉ោង ៧៖០០​នាទី​យប់ និង​លោក គីម ជុង​អ៊ុន ចាកចេញ​តាម​ជើងហោះហើរ Air China នៅ​ម៉ោង ៩៖០០​នាទី​យប់​ថ្ងៃ​ដដែល ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...