• Giloba

យុទ្ធនាការ​ម្រាមដៃ​ស្អាត ជា​សាច់រឿង​ថ្មី​បន្ទាប់ពី​ការយក​ថ្នាំលាបសក់​ជ្រលក់​ដៃ ដើម្បី​បន្លំ​ថា​បាន​ទៅ​បោះឆ្នោត !

2 ខែ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​កន្លងទៅ ថ្នាក់ដឹកនាំ​នៃ​ចលនា​សង្គ្រោះ​ជាតិ​ធ្លាប់បាន​ប្រកាសថា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត នៅ​ខែកក្កដា​ខាងមុខនេះ ហើយក៏​បាន​ថា ត្រូវយក​ថ្នាំ​ខ្មៅ​ផ្សេងៗ មក​ជ្រលក់​ម្រាមដៃ ដើម្បី​បន្លំ​ថា​ខ្លួន​បាន​ទៅ​បោះឆ្នោត​ដែរ​។ បន្ទាប់​មានការ​លើកឡើង​យ៉ាង​ដូច្នេះ មហាជន​ជាច្រើន ពិសេស​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម ហាក់​មានការ​ងឿងឆ្ងល់​ថា តើ​ការយក​ថ្នាំ​ខ្មៅ​ផ្សេងៗ ដូចជា​ថ្នាំលាប​សក់មក​ជ្រលក់​ដៃ ដើម្បី​បន្លំ​ខ្លួន​នោះទេ អាច​ប្រឈម​ជាមួយនឹង​បញ្ហា​ផ្លូវច្បាប់​ដែរឬទេ​?

​ថ្មីៗ​នេះ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃទី​១៤​មិថុនា​នេះ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្នុងស្រុក​កុំ​ចូលរួម​យុទ្ធនាការ​«​ម្រាមដៃ​ស្អាត​»​។ ម្រាមដៃ​ស្អាត ជា​យុទ្ធនាការ​មួយ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ការមិន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​កក្កដា​ខាងមុខ តាមរយៈ​សក​មម្ម​ភាព របស់​ពលរដ្ឋ​ខ្មែរ និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ភាគច្រើន​រស់នៅ​ក្រៅប្រទេស​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​RFI ។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​គូសបញ្ជាក់ថា ការណ៍​ដែល​អាជ្ញាធរ អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ចូលរួម​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ព្រោះ​យុទ្ធនាការ​នេះ ខុសច្បាប់​។ ខុសច្បាប់​ដោយសារ យុទ្ធនាការ​នេះ​មានបំណង​ប្រឆាំង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩​កក្កដា​ខាងមុខ​។ ក្នុងករណី​រកឃើញថា មាន​ពលរដ្ឋ​ណា​កំពុងតែ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ឬ​សកម្មភាព​ណាមួយ​ដែល​បង្ហាញ​ពី​ការរារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច នឹងធ្វើ​ការអប់រំ​។ អប់រំ​ហើយ នៅតែមាន​សកម្មភាព​ទៀត អាជ្ញាធរ​នឹង​ប្រើប្រាស់​វិធានការណ៍​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​លោក គៀត ច័ន្ទ ថា​រិ​ទ្ធ​។

​ទាំង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ចាត់ទុក យុទ្ធនាការ​ម្រាមដៃ​ស្អាត​នេះ​ថា កំពុងតែ​ដើរ​ផ្ទុយ​ពី​សកម្មភាព​ស្របច្បាប់រ​បស់​រដ្ឋាភិបាល ដែល​បាន​ខិតខំ ពន្យល់​ពលរដ្ឋ​ពី​ដំណើរការ​បោះឆ្នោត រួម​នឹង​សិទ្ធិ និង​ភារៈកិច្ច​របស់​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​។ ចំពោះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ជឿជាក់ថា ពលរដ្ឋ​មិន​ដើរ​តាម យុទ្ធនាការ​ម្រាមដៃ​ស្អាត​ឡើយ ហើយ​ថា ពួកគេ​នឹង​ស្ដាប់​ទៅតាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​។

​គួរ​រម្លឹក​ដែរ​ថា​លោក គឹម សន្ដិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា «​ម្រាមដៃ​ខ្មៅ ក្រោយ​ការបោះឆ្នោត គឺជា​ការកំណត់​សំគាល់​អត្តសញ្ញាណ​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត ដែល​មានតែ គ​.​ជ​.​ប ប៉ុណ្ណោះ​មាន​សមត្ថកិច្ច​ក្នុងការ​ចាត់ចែង​ជ្រលក់​ម្រាមដៃ​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​។ អ្នក​ដែល​ប្រឡាក់​ម្រាមដៃ​ខ្មៅ​នេះ មានន័យថា បាន​បោះឆ្នោត​រួចហើយ ហើយ​ចំនួន​អ្នក​ប្រឡាក់​ម្រាមដៃ​ខ្មៅ ត្រូវ​ស្មើនឹង​ចំនួន​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត ហើយក៏​ស្មើនឹង​ចំនួន​សន្លឹកឆ្នោត ដែល​បាន​បោះ​ផងដែរ​»​។​

​លោក​បន្ដថា «​ហេតុនេះ​ការបន្លំ​ថា​ខ្លួន​បាន​ទៅ​បោះឆ្នោត ដោយ​ជ្រលក់​ទឹកខ្មៅ​ផ្សេង​នោះ គឺជា​ចេតនា​ទុច្ចរិត​ដើម្បី​បង្ក​ការ​ភ័ន្ត​ច្រ​លំ ទៅលើ​ចំនួន​ពិតប្រាកដ អ្នក​ដែល​បាន​បោះឆ្នោត ដែលនាំអោយ​ចំនួន​អ្នកបោះឆ្នោត​ច្រើនជាង​ចំនួន​សន្លឹកឆ្នោត​ដែល​បាន​បោះ​ពិតប្រាកដ​។ ទង្វើ​នេះ​នឹង​បង្កើត​នូវ​ការយល់ច្រលំ​ថា ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី ដែល​នឹង​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ក្នុងសង្គម​មួយ​កើតឡើង​បាន​! អំពើ​ខាងលើនេះ ជា​អំពើ​ល្មើសច្បាប់ ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​តាមច្បាប់​ព្រហ្មទណ្ឌ​»​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...