• Giloba

ជើង​ខ្លាំង​ចំនួន ៤​នាក់ ក្នុងចំណោម​ជនបង្ក​ដទៃទៀត​ដែល​បាន​ប៉ុនប៉ង វាយ​សម្លាប់ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​មួយរូប បាន​រត់ចោលស្រុក​អស់ហើយ​

3 ខែ កន្លងទៅ ណូ​រ៉ា

​បន្ទាប់ពី​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​មួយរូប បាន​រង​ការវាយប្រហារ​យ៉ាងដំណំ​ពី​សំណាក់​អ្នកធ្វើដំណើរ ដែល​បាន​ចោទ​លោក​ថា​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​បើក​រត់ កាលពី​ថ្ងៃអាទិត្យ កូនស្រី​របស់លោក​បាន​ដាក់ពាក្យ​បណ្តឹង​តាមរយៈ​មេធាវី​នៅ​ថ្ងៃ​អង្គារ​នេះ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ពាក់ព័ន្ធ​ទាំងអស់​យកទៅដាក់​ទោស និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣​សែន​ដុល្លារ​។​

​បើ​យោងតាម​លិខិត​ផ្ទេរសិទ្ធិ​របស់​កញ្ញា សារ៉េត សុ​ផា​ធិ​តា​ពេជ្រ កូនស្រី​របស់លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ទៅ​ឲ្យ​លោក​មេធាវី ឈី សម្បត្តិ ដើម្បី​ធ្វើជា​តំណាង​របស់លោក ស៊ុយ សារ៉េត និង​លិខិត​មួយច្បាប់​ទៀត​គឺជា​ពាក្យបណ្តឹង​របស់លោក​មេ​ធា​វី ឈី សម្បត្តិ ជូន​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​ជនបង្ក​មួយក្រុម​ដែល​បាន​វាយប្រហារ​លើ​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត​។ លិខិត​ទាំងពីរ​ចេញ​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​ដូចគ្នា​។​

​ក្នុង​ពាក្យបណ្តឹង​របស់លោក ឈី សម្បត្តិ ជូន​លោក ជួន សុវណ្ណ មាន​យោង​វីដេអូ និង​រូបថត​មួយចំនួន​ដែល​បានបង្ហាញ​ពី​សកម្មភាព​របស់​ក្រុម​ជនបង្ក ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១១ ខែមីនា ទៅលើ​លោក ស៊ុយ សារ៉េត ។​

​ក្នុង​ពាក្យបណ្តឹង​នោះ​មាន​រៀបរាប់​ពី​សកម្មភាព​ផ្សេងៗ​ចាប់តាំងពី​មុនពេល​កើតហេតុ និង​ក្រោយ​បញ្ចប់​ការកើត​ហេតុ​នោះ ព្រមទាំង​បានបញ្ជាក់​ថា ក្នុង​វីដេអូ និង​រូបថត​ទាំង​នោះបាន​បង្ហាញថា ក្រុម​ជនបង្ក​បាន​ប្រព្រឹត្ត​អំពើ​ប៉ុនប៉ង​មនុស្សឃាត អំពើហិង្សា​មាន​ស្ថាន​ទម្ងន់ទោស អំពើ​លួច និង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​ដោយ​ចេតនា​។ ក្នុង​ពាក្យបណ្តឹង​នោះ​ក៏បាន​បញ្ជាក់ថា ក្នុងការ​វាយប្រហារ​នោះ​អាចធ្វើ​ឲ្យ​លោក ស៊ុយ សារ៉េត ប៉ះពាល់​ដល់​ជីវិត ខូចខាត​រថយន្ត​ស្ទើរ​ទាំងស្រុង ព្រមទាំង​បាត់បង់​ទូរ​សព្ទ​ដៃ និង​កាបូប​លុយ​ដែលមាន​ប្រាក់​ប្រមាណ​ជា​ជិត​៣​ពាន់​ដុល្លារ​។​

​ក្នុង​ពាក្យបណ្តឹង​ដដែល​នោះ​ត្រូវបាន​សរសេរ​ក្នុងន័យ​ដើម​ថា​៖«​សំណូមពរ​សុំ​ស្រាវជ្រាវ​អំពី​សាវតារ​របស់​ក្រុម​ជនបង្ក ដើម្បី​ស្វែងរក​ចាប់ខ្លួន​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ស្របតាម​ច្បាប់ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សុំ​ទាមទារ​សំណង​ជួសជុល​ការខូចខាត ថ្លៃ​ថ្នាំ​ព្យាបាល ការខាតបង់​ពេលវេលា និង​សំណង​ជំងឺ​ចិត្ត​សរុប​ចំនួន ១,២០០,០០០,០០០ (​មួយ​ពាន់​ពីរ​រយ​លាន​) រៀល​»​។​

​ថ្មីៗ​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានប្រកាសថា កម្លាំង​សមត្ថកិច្ច​របស់លោក នឹង​ខិតខំ​ប្រឹងប្រែង​តាម​ចាប់​ជនដៃដល់​ទាំងនេះ​ឲ្យ​ខាងតែបាន ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ស្នងការ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ឥឡូវនេះ​យើង​បានកំណត់​មុខសញ្ញា បាន​សាវតា​ជាតិ​គ្រប់គ្រាន់​ចំនួន​៤​នាក់​ហើយ ដែលជា​ជនដៃដល់​ខ្លាំង​បំផុត ប៉ុន្ដែ​ពួកគេ បាន​រត់ចោលស្រុក​អស់ហើយ (​គេច​ចេញពីផ្ទះ​) ដោយ​តែ​បណ្ដាញ​សង្គម​របស់​យើង បាន​ផ្សព្វផ្សាយ​ទាំង​រូបភាព និង​វីដេអូ​ពេញ​ទឹក​ពេញ​ដី ជាពិសេស តាំងពី​ថ្ងៃ​ខ្ញុំ​ដាក់បទបញ្ជា​ឲ្យ​តាម​ចាប់ គឺ​ពួកគេ​បានដឹងខ្លួន ហើយ​រត់គេច​តាំង ពីថ្ងៃ​នោះមក​។ ជាមួយគ្នានេះ ខ្ញុំ​បាននិងកំពុង​សុំ​ដីកា​ពី​តុលាការ ដើម្បី​ចាប់ខ្លួន​ឲ្យ​ទាល់តែ​បាន​»​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Freshnews​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​មនុស្ស​ដែល​ព្រួត​វាយ​លោក​បណ្ឌិត ស៊ុយ សារ៉េត នោះ​ក៏មាន​ម្នាក់​ជា​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​ដូនពេញ​ផងដែរ​ឈ្មោះ ភា​ជ គឹម​ហាក់ ដែលជា​ជន​នាំមុខ និង​វាយ​ខ្លាំងជាងគេ​។ ប៉ុន្តែ​កាលពី​ម្សិលមិញ សាលាខណ្ឌ​ដូនពេញ បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​កម្លាំង​សមត្ថកិច្ច តាម​ចាប់​អតីត​កម្លាំង​ប្រជា​ការពារ​ម្នាក់នេះ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន សាលាខណ្ឌ​ដូនពេញ បាន​បញ្ជាក់ថា «​ករណី​បុគ្គល ភា​ជ គឹម​ហាក់ អតីត​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ បាន​ប្រើ​អំពើហិង្សា​នៅក្នុង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ ទៅលើ​លោក ស៊ុយ សារ៉េត នោះ​.... សាលាខណ្ឌ​ចាត់ទុកថា នេះ​ជា​ករណី​បុគ្គល និង​ជាការ​ទទួលខុសត្រូវ​ដោយផ្ទាល់​ខ្លួន​តែម្តង សាលាខណ្ឌ​មិន​គាំទ្រ​ឲ្យ​មាន​អំពើហិង្សា បែបនេះ​ឡើយ ហើយ​សូម​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​»​។​

​លោក​សាស្ដ្រាចារ្យ​បណ្ឌិត ស៊ុយ សារ៉េត ដែលជា​គ្រូបង្រៀន នៅ​សាកលវិទ្យាល័យ​កម្ពុជា ត្រូវបាន​មនុស្ស​មួយក្រុម ខ្លះ​ប្រដាប់​ដោយ​ដុំថ្ម​ធំៗ ឈើ ព្រួត​វាយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហូរឈាម​ឡើង​ជោគ​អាវ និង​បំផ្លាញ​រថយន្ដ​ខូចខាត​យ៉ាងខ្លាំង ព្រោះតែ​ខឹង​លោក​បើក​រថយន្ដបុក​រះ​នៅតាម​ផ្លូវ​នោះ រហូតមកដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨​នេះ បាននិងកំពុង​សម្រាក​ព្យាបាល​បន្ត នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​វៀតណាម ដោយ​រួច​ផុតពី​គ្រោះថ្នាក់​អាយុជីវិត​ហើយ​។​

​ជាមួយគ្នានេះ​បើតាម​ការសាកសួរ​ជា​ជំ​ហ៊ាន​ដំបូង នៅក្នុង​ព្រឹត្តិការណ៍​កាលពី​ម្សិលមិញ​នេះ លោក ស៊ុយ សារ៉េត បាន​បាត់បង់​ថវិកា​ជិត​៣០០០​ដុល្លារ និង​ទូរស័ព្ទ​ចំនួន​២​គ្រឿង​ផងដែរ​។​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា ករណី​គ្រោះថ្នាក់​នេះ​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រត់គេច​ពី​កន្លែងកើតហេតុ គឺ​ច្បាប់​ជា​អ្នកអនុវត្ត ប៉ុន្តែ​ចំពោះ​អ្នក​ដែល​វាយ​អ្នកបើកបរ ក៏​ត្រូវតែ​ទទួលទោស​ផងដែរ ព្រោះ​វា​ជា​អំពើ​អសីលធម៌​ក្នុងសង្គម និង​មិនគួរ​ឲ្យ​មាន​កើតឡើង​ក្នុង​រូបភាព​បែបនេះ​ទៀត​។​

​លោកស្នងការ​បញ្ជាក់ថា «​ក្នុងករណីនេះ យើង​ពិនិត្យឃើញថា ជា​បទល្មើស​ជាក់ស្តែង ព្រោះ​វា​ជា​បទល្មើស​ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក៏មាន​ស្ថាន​ទម្ងន់ទោស​ផងដែរ ព្រោះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជា​ក្រុម​។ ក្នុងករណី​នេះដែរ ជនល្មើស​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទោះជា​បាន​រត់គេច​ពី​កន្លែងកើតហេតុ ក៏​អាស្រ័យ​ដោយសារ​មានការ​ភ័យខ្លាច​អំពី​ក្រុម​ជនបង្ក​ដែរ​។ ប្រសិនបើជា​គាត់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន អីចឹង​ស្ថាន​ទម្ងន់ទោស​របស់​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ហើយ​គេចវេស​ពី​ការទទួលខុសត្រូវ ច្បាប់​មាន​សម្រាប់​ដាក់ទោស​ទណ្ឌ​។ ...​ជា​ទម្លាប់​អសីលធម៌​ក្នុងសង្គម ប្រជាពលរដ្ឋ​តែងតែ​តាំងខ្លួន​ជា​តុលាការ ហើយ​ធ្វើ​កាត់ទោស​លើ​ជនបង្ក ដោយ​ឯកចិត្ត គឺ​មិន​ទៅតាម​ច្បាប់​»​។​

​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ហើយ​បន្ទាប់ពី​ពិនិត្យឃើញ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ លោក​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​

​នៅ​ថ្ងៃ​ដដែល​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​អំពាវនាវ​ឲ្យ​សាធារណជន ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​ច្បាប់ និង​ប្រព្រឹត្ត​នូវ​អំពើ​ល្អ សូម​បញ្ឈប់​ជាបន្ទាន់ នូវ​សកម្មភាព​ការប្រើ​អំពើហិង្សា ទៅលើ​អ្នកបើកបរ និង​យានយន្ដ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ចូលរួម​ចាប់​ឃាត់ និង​ប្រគល់ជូន​សមត្ថកិច្ច ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...