• Flexa
  • Default ខាងលើក្រោមមេនុយ

មន្ទីរពេទ្យ​គន្ធបុប្ផា នៅតែមាន​សង្ឃឹម​....

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​កាលពី​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​បើកដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មូលនិធិ​សម្តេច​ផ្ទាល់​ធ្វើជា​ប្រធានកិត្តិយស​។​

​សម្តេច ហ៊ុន សែន បានប្រកាសថា ការបង្កើត​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​បន្ត​នូវ​សកម្មភាព​មនុស្សធម៌រ​បស់​មន្ទីរពេទ្យ​ជួយ​ព្យាបាល​ជំងឺ​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។

​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ប្រកាស​ផងដែរ​ថា សម្រាប់​អ្នក​ដែល​ចូល​វិភាគទាន​ចាប់ពី​ប្រមាណ ២​ម៉ឺន​ដុល្លារ​ឡើង នឹង​ក្លាយជា​សមាជិក​ស្ថាបនិក សម្រាប់​អ្នក​ចូល​វិភាគទាន​ចាប់ពី​៥​ពាន់​ដុល្លារ នឹង​ក្លាយជា​សមាជិក​កិត្តិយស ហើយ​សម្រាប់​អ្នក​ចូល​វិភាគទាន​ប្រមាណ ៥​ពាន់​រៀល​ជា​រៀងរាល់ខែ នឹង​ក្លាយជា​សមាជិក​គាំទ្រ​នៃ​មូលនិធិ​គន្ធបុប្ផា​នេះ​។​

​ជាមួយនឹង​ការប្រកាស​បង្កើត​មូលនិធិ​នេះ​អ្នកឧកញ៉ា គិត ម៉េង បានប្រគល់​ដី​មួយកន្លែង​តម្លៃ​ជាង ៨​លាន​ដុល្លារ​នៅ​ជិត​មន្ទីរពេទ្យ​គន្ធបុប្ផា​ជូន​សម្តេច ហ៊ុន សែន ដើម្បី​ដាក់​ជា​ទ្រព្យសម្បត្តិ​កម្មសិទ្ធិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ផងដែរ​។​

​គិត​មកដល់​ឆ្នាំ​២០១៨ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​អាយុកាល​ជាង ២៥​ឆ្នាំ​មកហើយ​។ រយៈពេល​ជាង ២៥​ឆ្នាំនេះ មន្ទីរពេទ្យ​មនុស្សធម៌​មួយ​នេះ បាន​ជួយ​ព្យាបាល​ជំងឺ​ជូន​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​សរុប​ជិត ១៨​លាន​ករណី​ហើយ​។​

​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវបាន​បង្កើត​និង​ដាក់ឈ្មោះ​ដូច្នេះ ដើម្បី​ជាការ​រំលឹក​ដល់​សម្ដេច​ព្រះអង្គ​ម្ចាស់​ក្ស​ត្រី​នរោត្តម​គន្ធបុប្ផា​ដែល​បាន​សោយ​ទិវង្គត​ត្រឹម​ព្រះ​ជន្មាយុ ៤ ព្រះវស្សា (១៩៤៨-១៩៥២) ដោយ​ទ្រង់​ព្រះ​ប្រឈួន​។ នៅក្នុង​ឆ្នាំ ១៩៩១ មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​១​នៅ​ភ្នំពេញ ត្រូវបាន​សាងសង់​ឡើងវិញ​បន្ទាប់ពី​រង​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​។ ក្រោយ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​១៩៩២ មន្ទីរពេទ្យ​ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​ឡើងវិញ​ដោយ​ទទួលបាន​ការគាំទ្រ​ផ្នែក​ថវិកា​ពី​មូលនិធិ​ប្រទេស​ស្វី​ស ក្រោម​ការ​ជ្រោមជ្រែង​ពី​លោក​វេជ្ជបណ្ឌិត​បេ​អាត រី​ច្នឺ​។​

​បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​៥​ទីតាំង​ដោយ​ក្នុងនោះ​៤​ទីតាំងនៅ​ភ្នំពេញ និង​មួយ​ទីតាំងនៅ​សៀមរាប​។ សូមបញ្ជាក់ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង​នេះ មាន​បុគ្គលិក​បំរើកា​រងារ​២៥៤៣​នាក់​។ ក្នុង​មួយថ្ងៃ មន្ទីរពេទ្យ​នេះ​ទទួល​ព្យាបាល​ជំងឺ​ទូទៅ​ដល់​កុមារ​ចន្លោះ​ពី ២៥០០​ទៅ​៣០០០​នាក់​។

​គួរ​កត់សម្គាល់ថា កន្លងមក ប្រភព​ថវិកា​សម្រាប់​ផ្គត់ផ្គង់​មន្ទីរពេទ្យ​កុមារ​នេះ ទទួលបាន​ពី​សប្បុរសជន​ខាងក្រៅ តាមរយៈ​ការលះបង់​យ៉ាង​ធំធេង​របស់លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច្នឺ​។ ប៉ុន្តែ​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​រូបនេះ បានប្រកាស​លាលែង​ពី​តំណែង នៅ​ថ្ងៃទី ២៨​មីនា ឆ្នាំ​២០១៧ ដោយសារ​លោក​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ស្វី​ស​។​

​ក្នុង​បំណង​បន្ត​និរន្តរភាព​មន្ទីរពេទ្យ​មួយ​នេះ​ឲ្យ​បាន​ឋិតថេរ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​មួល​និ​ធិ​គន្ធបុប្ផា ដើម្បី​ផ្គត់ផ្គង់​ការចំណាយ​នៃ​មន្ទីរពេទ្យ​នេះ​ដោយ​ខ្លួនឯង​។ ទន្ទឹម​នឹងមាន​មូលនិធិ​ផ្ទាល់ខ្លួន រដ្ឋាភិបាល​បាន​អះអាងថា​នឹង​រក្សា​មូលនិធិ​ចាស់​ឲ្យ​នៅ​ដដែល ដោយ​ក្នុងនោះ​រួមមាន​៖ កម្រៃ​២​ដុល្លារ​ពី​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមនីយដ្ឋាន​អង្គរ សរុបទៅ​មួយឆ្នាំ​ទទួលបាន​ជាង​៤​លាន​ដុល្លារ និង​ថវិកា​១​លាន​ដុល្លារ​ពី​កាកបាទក្រហមកម្ពុជា​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...