• Flexa

របាយការណ៍​អ្នកវិទ្យាសាស្ត្រ​ថា ពី​ឆ្នាំ​២០០១ ដល់ ២០១៤ កម្ពុជា​បាត់បង់​ផ្ទៃដី​ព្រៃឈើ​ប្រមាណ​១,២​លាន​ហិកតា ?

10 ខែ កន្លងទៅ ណូ​រ៉ា

​យោងតាម​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ដោយ​ដកស្រង់​របាយការណ៍រ​បស់​អង្គការ​ណា​សា ចេញផ្សាយ​កាលពី​ថ្ងៃទី​១០​ខែមករា បង្ហាញថា កម្ពុជា​ជា​ប្រទេស​ឈានមុខ​គេ​ខាង​ការកាប់បំផ្លាញ​ព្រៃឈើ​ធម្មជាតិ និង​ព្រៃ​ស្ថិតក្នុង​តំបន់​ការពារ​ផង ដោយសារ​ការទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន សម្រាប់​ការដាំដុះ​ដំណាំ​កៅស៊ូ និង​ការកាប់​ឈើ​ខុសច្បាប់​។​

​បើតាម​របាយការណ៍​នេះ ក្រុម​អ្នកវិទ្យាសាស្ដ្រ និង​អ្នកស្រាវជ្រាវ រកឃើញថា នៅ​ចន្លោះ​ឆ្នាំ​២០០១ និង​២០១៤ អត្រា​បាត់បង់​ព្រៃឈើ​ប្រចាំឆ្នាំ​នៅ​កម្ពុជា​កើនឡើង ១៤,៤​ភាគរយ ស្មើនឹង​ផ្ទៃដី​សរុប​១,៤៤​លាន​ហិកតា ឬ ៥ ៥៦០​គីឡូម៉ែត្រ​ការ៉េ ដោយ​ភាគច្រើន​ស្ថិតក្នុង​ខេត្តកំពង់ធំ និង​កំពង់ចាម ខណៈ​ការកាប់​ឈើ​នៅ​ប្រទេស​សេ​រ៉ា​ឡេ​អូន មានតែ​១២,៦​ភាគរយ​, ម៉ា​ដា​ហ្គា​ស្កា (៨,៣​ភាគរយ​), អ៊ុយ​រុយ​ហ្គា​យ (៨,១​ភាគរយ​) និង ប៉ា​រ៉ា​ហ្គា​យ (៧,៧​ភាគរយ​)​។​

​ក្រុម​អ្នកស្រាវជ្រាវ អះអាងថា ការ​ហក់​ឡើង​កប់​ពពក​នៃ​តម្លៃ​កៅស៊ូ និង​ចំនួន​នៃ​កិច្ចព្រមព្រៀង​ផ្ដល់​ដី​សម្បទាន​ដី​សេដ្ឋកិច្ច បាន​ជម្រុញ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​គំហក​នៅ​កម្ពុជា​។ អ្នកស្រាវជ្រាវ​បញ្ជាក់ថា ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ថិតនៅ​ចន្លោះ​ពី​២៩ ទៅ ១០៥​ភាគរយ ដោយសារ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ជួល​ដី​ទាំងនោះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​វិនិយោគ​បរទេស សម្រាប់​វិស័យ​កសិកម្ម ការកាប់​យក​ឈើ​លក់ និង​មូលហេតុ​ផ្សេងទៀត​។​

​គួរ​បញ្ជាក់ថា ការរកឃើញ​នៅក្នុង​របាយការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ដ្រ​មកពី​សកល​វិទ្យាល័យ​ម៉ា​រី​ឡែ​ន សហរដ្ឋអាមេរិក និង​អ្នកតាមដាន​ព្រៃឈើ​លើ​សកលលោក តាមរយៈ​ការប្រើប្រាស់​ទិន្នន័យ​លើ​ផ្ទៃដី​បានមកពី​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​ពិនិត្យមើល​ការបាត់បង់​ព្រៃឈើ​នៅលើ​ផែនដី​។ ប៉ុន្តែ​របាយការណ៍​នេះ​ពុំទាន់​មានការ​អះអាង​ពី​មន្ត្រី​រាជរដ្ឋាភិបាល​ថា ការកាប់​ព្រៃឈើ​នៅ​កម្ពុជា វា​ស្ថិតនៅក្នុង​កំរិតណា​នៅឡើយ​ទេ បើទោះបីជា​រាជរដ្ឋាភិបាល​ប្រកាស​បញ្ឈប់​ការកាប់​ព្រៃឈើ និង​បង្កើត​គណកម្មការ​ពិសេស​ក្នុងការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ ក៏ដោយ ក៏​ពុំទាន់​រកឃើញ​អ្នក​បំផ្លាញ​ព្រៃឈើ​ដើម្បី​ផ្តន្ទាទោស​នោះឡើយ ៕​

សុខភាព/បុរស/ស្ត្រី