• Default ខាងលើក្រោមមេនុយ

ឯកឧត្តម​ស្វាយ សំណាង អគ្គព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍ បិទ​វគ្គ​បំប៉ន​ការស៊ើបអង្កេត​ក្នុង​រឿងក្តី​ព្រហ្មទណ្ឌ ត្រូវ​បានបញ្ចប់​នៅថ្ងៃនេះ​

3 ខែ កន្លងទៅ ណូ​រ៉ា

​ភ្នំពេញ​៖ វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​នឹង​កំពុង​ប្រារព្ធ​ពិធី​បិទ​វគ្គ​បំប៉ន​ការស៊ើបអង្កេត​ក្នុង​រឿងក្តី​ព្រហ្មទណ្ឌ ក្រោម​អធិបតីភាព​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន មេបញ្ជាការរង​និង​ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ស្វាយ សំណាង អគ្គព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការរង នាយរង​សេនាធិការដ្ឋាន ស្នងការ ព្រមទាំង​មាន​សិក្ខាកាម​ចំនួន​៨៩​នាក់​ចូលរួម​ផងដែរ​។​

​វគ្គ​បំប៉ន​នេះ មាន​រយៈពេល​២​ថ្ងៃ​ស្មើនឹង​១២​ម៉ោង និង​សិក្សា​អំពី​ការស៊ើបអង្កេត​ក្នុង​រឿងក្តី​ព្រហ្មទណ្ឌ​។ ឯកឧត្តម ស្វាយ សំណាង បានធ្វើ​បទ​បង្ហាញ​ដល់​សិក្ខាកាម ដោយ​លើកយក​ច្បាប់​និង​បទពិសោធន៍​ល្អៗ​អំពី​ការស៊ើបអង្កេត ព្រមទាំង​លើកយក​ឧទាហរណ៍​មក​បញ្ជាក់​ទៀង​ផង ដើម្បីឱ្យ​សិក្ខាកាម​ទាំងអស់​ងាយ​យល់​។​

​ក្នុងឱកាស​ពិធី​បិទ​វគ្គ​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​ស្វាយ សំណាង អគ្គព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ រួមចំណែក​ជា​បន្តបន្ទាប់ ក្នុងការ​ធ្វើ​បទ​បង្ហាញ​និង​ឧទ្ទេសនាម​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​។ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្ថែមថា ការងារ​បណ្តុះបណ្តាល​ហ្វឹកហ្វឺន​រៀនសូត្រ ក្នុង​គោលបំណង​អភិវឌ្ឍ​ធនធានមនុស្ស គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ យើង​ធ្វើការ​បណ្តុះបណ្តាល បំប៉ន និង​ធ្វើការ​ហ្វឹកហ្វឺន​ជំនាញ​ឯកទេស ជំនាញ​វិជ្ជាជីវៈ រៀងរាល់ឆ្នាំ​ជាប្រចាំ ធ្វើ​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ សម្រេចបាន​ជោគជ័យ​ត្រចះត្រចង់ ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន រួមចំណែក​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​-​ទប់ស្កាត់​និង​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​នូវ​រាល់​បទល្មើស​នានា ការពារ​យុត្តិធម៌​សង្គម ពង្រឹង​នីតិរដ្ឋ បង្កលក្ខណៈ​ងាយស្រួល​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។ លើសពីនេះ​ទៀត ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក បាន​មានប្រសាសន៍ថា សិក្ខាកាម​ទាំងអស់ ត្រូវយក​លទ្ធផល​នៃ​ចំណេះដឹង​ដែល​ទទួលបាន​នេះ ទៅ​បម្រើ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ដោយ​គោរព​ច្បាប់ បទបញ្ជា វិន័យ ក្រមសីលធម៌​វិជ្ជាជីវៈ និង​គោរព​សិទ្ធិសេរីភាព​មនុស្ស ព្រមទាំង​រក្សាបាន​នូវ​ភាពថ្លៃថ្នូរ សក្តិ​សមជា​មន្ត្រី​ប្រតិបត្តិ​ច្បាប់​នៃ​កងរាជអាវុធហត្ថ​។​

​មុននឹង​បញ្ចប់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក បានឱ្យ​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​នូវ​បណ្តា​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​៖

១.​ការ​ស្តាប់​ចម្លើយ​ធ្វើ​កំណត់ហេតុ​ត្រូវ​ដកស្រង់​តាម​ដោយ​ត្រឹមត្រូវ នូវ​សេចក្តីរាយការណ៍​របស់​បុគ្គល​ដែល​ផ្តល់​ចម្លើយ​។ អ្នក​ស្តាប់​ចម្លើយ​មិនត្រូវ​ប្រើ​នូវ​អំពើហិង្សា ធ្វើ​ទារុណកម្ម គំរាម​គំហែង និង​បំភិតបំភ័យ ដើម្បី​ទទួលបាន​នូវ​ចម្លើយសារភាព​នោះទេ ឬ​បង្ខំ​បុគ្គល​ដែល​ផ្តល់​ចម្លើយ​ឱ្យ​ផ្តិត​ម្រាមដៃ​ឡើយ​។ យើង​ត្រូវខិតខំ​ស្រាវជ្រាវ​រក​វត្ថុតាង​ដែល​ស៊ីសង្វាក់​ទៅនឹង​អង្គហេតុ​នៃ​បទល្មើស​ជាការ​ប្រសើរ​ជាង​។​

២.​ការឃាត់ខ្លួន​គឺជា​អំណាច​ដ៏​សំខាន់​ដែល​ច្បាប់​បាន​ផ្តល់ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌​ដើម្បី​ធានា​ប្រយោជន៍​នៃ​ការស៊ើបអង្កេត​ប្រព្រឹត្តទៅ​បានល្អ​។ ប៉ុន្តែ​ច្បាប់​ក៏បាន​កំណត់​អំពី​ថិរវេលា​នៃ​ឃាត់ខ្លួន​ដែរ គឺ​បានតែ​៤៨​ម៉ោង និង​អាច​ពន្យារពេលបាន​២៤​ម៉ោង​ទៀត​ចំពោះ​បទឧក្រិដ្ឋ​។ កាលណា​មានការ​ឃាត់ខ្លួន​បុគ្គល​ណាមួយ យើង​ត្រូវ​ប្រាប់ឱ្យដឹង​អំពី​មូលហេតុ​នៃ​សេចក្តីសម្រេច​ឃាត់ខ្លួន ប្រាប់​អំពី​ជំនួយ​របស់​មេធាវី និង​អំពី​ជំនួយ​របស់​គ្រូពេទ្យ​។​ល​។​

៣.​រាល់​ការស៊ើបអង្កេត ត្រូវ​រក្សា​ការសម្ងាត់​វិជ្ជាជីវៈ​ការបំពាន​លើ​ការសម្ងាត់​នៃ​ការស៊ើបអង្កេត គឺជា​បទល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​។ ទន្ទឹមនឹង​នោះដែរ អស់លោក​ត្រូវតែ​គោរព​វិធាន​និង​ទម្រង់​ការដែល​បាន​បញ្ញត្ត​នៅក្នុង​មាត្រា នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ បើ​មិន​ដូច្នេះ​ទេ​នឹង​នាំឱ្យមាន​មោឃភាព​នៃ​កិច្ច​នីតិវិធី​។​

៤.​បន្តធ្វើ​ការសិក្សា​ស្រាវជ្រាវ ឈ្វែ​ង​យល់ និង​រៀនសូត្រ​បន្ថែម​អំពី​ច្បាប់​និង​លិខិតបទដ្ឋាន​នានា ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ព្រមទាំង​យក​ពិសោធន៍​នៅពេល​អនុវត្ត​ជាក់ស្តែង បង្កើន​ប្រសិទ្ធភាព​និង​គុណភាព​ការងារ​។ ជាពិសេស ប្រសិនបើ​អស់លោក​មិន​យល់ច្បាស់​ចំណុច​ណាមួយ អស់លោក​អាច​សុំ​សួរ​ដោយផ្ទាល់​ជាមួយ​ឯកឧត្តម ស្វាយ សំណាង អគ្គព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍​។ ព្រោះ​ច្បាប់ គឺកំណត់​ឱ្យ​បុគ្គល​គ្រប់រូប​ត្រូវតែ​គោរព​តាម​ដាច់​ខាត់ បើ​មិន​គោរព ឬ​អនុវត្ត​ខុស​នឹង​ច្បាប់ ត្រូវតែ​ទទួល​ការផ្តន្ទាទោស​តាមច្បាប់​។​

៥.​ពង្រឹងស្មារតី​សាមគ្គី​-​ឯកភាព​ផ្ទៃក្នុង និង​ធ្វើ​សហប្រតិបត្តិ​ការល្អ ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ​នានា ក្នុងការ​បំពេញ​តួនាទី​-​ភារកិច្ច ជាពិសេស​ធ្វើ​អំពី​ល្អជា​មួយ​ប្រជាពលរដ្ឋ ដើម្បី​ទទួលបាន​នូវ​ទំនុកចិត្ត និង​ការផ្តល់​ព័ត៌មាន​បទល្មើស​ផ្សេងៗ​។​

៦.​ត្រូវ​តាំងចិត្ត ឧស្សាហ៍​ព្យាយាម អប់រំ​ប្រកាប់​ខ្ជាប់ខ្ជួន និង​កសាង​ខ្លួន​ជាម​ន្ត្រី​៖ ស្មោះត្រង់ ស្អាតស្អំ សុភាពរាបសា ឆ្លាត​វៃ និង​ក្លាហាន​។​

៧.​ត្រូវ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ជាពិសេស ចូលរួម​យុទ្ធនា​ការប្រយុទ្ធ​និង​បង្ក្រាប​បទល្មើស​ដូចជា ឃាតកម្ម ប្លន់​ប្រដាប់អាវុធ លួច បង្ខាំង​មនុស្ស​ខុសច្បាប់ រំលោភ​សេពសន្ថវៈ​, ការប្រើប្រាស់ ជួញដូរ ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​, ការជួញដូរ​មនុស្ស​ខុសច្បាប់​, បទល្មើស​ធនធានធម្មជាតិ ការកាប់ ដឹកជញ្ជូន នាំចេញ​ឈើ​ខុសច្បាប់​, ការរានដី​រដ្ឋ​ដោយ​ខុសច្បាប់​, អាជីវកម្ម​រ៉ែ​និង​ខ្សាច់​ខុសច្បាប់​, ព្រមទាំង​បទល្មើស​ជលផល​។​ល​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2