• Giloba

សម្តេច ហ៊ុន សែន ប្រើ​កណ្តាប់ដៃ​ដែក ចំពោះ​អ្នក​បំផុស​ប្រជាពលរដ្ឋ​ថា ទឹកខ្មៅ​ជ្រលក់​ដៃ​នៅ​ថ្ងៃ​បោះឆ្នោត មាន​ទឹកខ្មៅ​ជ្រលក់​ដៃ ដែល​បណ្តាល​ឲ្យ​ស្លាប់ ២៤​ម៉ោង​ក្រោយ​ជ្រលក់​ដៃ !

3 សប្ដាហ៍ កន្លងទៅ សម្បត្តិ

សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ព្រមាន​ជាមួយ នឹង​វិធានការ​រួច ជាស្រេច​ក្នុងការ​ចាប់ខ្លួន​ជន​ទាំងឡាយណា​ដែល​ដើរ​ខ្សឹប ថា​ទឹកខ្មៅ​ជ្រលក់​ដៃ​ពេល​បោះឆ្នោត​និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​ក្រោយ ដែល​នេះ​គឺជា​អំពើ​ឆបោក​មួយ និង បំភិតបំភ័យ​ប្រជាជន​មិន​ឲ្យ​ទៅ​បោះឆ្នោត ។​

​សម្តេច​តេ​ជោ​បាន​ចាត់ទុកថា​នេះ​មិនមែនជា​ការបញ្ចេញមតិ​ទេ តែ​គឺជា​អំពើ​ឧក្រិដ្ឋកម្ម បំផ្លិចបំផ្លាញ​សន្តិសុខ​ជាតិ បំផ្លិចបំផ្លាញ​នូវ​ស្ថេរភាព​ជាតិ និង​បំផ្លាញ​ជីវិត​របស់​ប្រជាជន​កម្ពុជា ។ ការ​ថ្លែង​បែបនេះ​របស់​សម្តេច នៅក្នុង ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ​នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ២០១៨​នេះ កន្លងទៅនេះ ។​

​សម្តេច ហ៊ុន សែន ចាត់ទុក​ផែនការ​នេះ ថា​ជាការ​ឆបោក និង​មាន​ចេតនា​ទុច្ចរិត ដើម្បី​បំភ័យ​ប្រជាពលរដ្ឋ កុំ​ឲ្យ​ទៅ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ នាយករដ្ឋមន្ត្រី​កម្ពុជា និយាយ​ទាំង​ខឹងសម្បា​ថា គម្រោង​ខាងលើ គឺជា​ទោសឧក្រិដ្ឋ ហើយក៏​ស្មើនឹង​ទោស​ក្បត់ជាតិ​ដែរ ដែល​មិនត្រូវ​អត់ឱន​ឲ្យ​ជាដាច់ខាត​។

​សម្តេច បាន​ព្រមាន​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា​៖«​មិនត្រូវ​ឲ្យ​ពួកក្រុម​នេះ​រួចខ្លួន​ទេ​។ វាយ​មេក្រុម​ហ្នឹង​ឲ្យ​បាន បើ​អ្នកឯង ហ៊ាន​ធ្វើ​ពិតប្រាកដ​។ ទោះបី​ទៅដល់​ប្រទេស​ណាក៏ដោយ ក៏ត្រូវ​តាម​ចាប់ខ្លួន ត្រឡប់មកវិញ​ដែរ​។ [....] សូម្បីតែ​ប្រធាន​គណបក្សប្រឆាំង [​លោក កឹម សុខា​] ចាប់​ម៉ោង​១២​យប់ ព្រោះ​ទោស​ក្បត់ជាតិ ហើយ​រឿងនេះ ក៏​ជា​ប្រភេទ​ទោស​ក្បត់ជាតិ​ដែរ​»​។

​បន្ទាប់ពី​ព្រមាន​រួចហើយ សម្តេច ហ៊ុន សែន ក៏​ប្រាប់​ឲ្យ​ក្រុម​នោះ បញ្ឈប់​ផែនការ​ជាបន្ទាន់ ដើម្បី​ជៀសវាង​មាន​បញ្ហា​ដល់​ខ្លួន​។ សម្តេច អះអាងថា បាន​បញ្ជូន​សារ​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រួចហើយ ដើម្បី​ឲ្យ​ចាត់វិធានការ​លើ​រឿងនេះ​។

​សម្តេច បាន​សង្កត់ធ្ងន់​បែបនេះ​ទៀតថា​៖«​អ្នកឯង​ប្រជុំគ្នា មិនអាច​លាក់បាំង​ជិត​ជាមួយ​ខ្ញុំ​ទេ​។ យើង​បាន​ស្គាល់មុខ​ក្រុម​អ្នកឯង​ហើយ​។ កុំ​ធ្វើ​ឲ្យ​សោះ​។ បើ​អ្នកឯង​ធ្វើ អ្នកឯង​ប្រថុយ​នឹង​ការជាប់គុក ព្រោះនេះ​ជា​បទល្មើស​មួយ ដែល​មិនអាច​អត់ឱន​ឲ្យ​បាន ហើយ​មិនមែនជា​សិទ្ធិ​បញ្ចេញមតិ​ទេ​។ ឧបាយកល​របស់​អ្នកឯង គឺ​បំផ្លាញ​ជាតិ​។ យើង ត្រូវ​បំផ្លាញ​ឧបាយកល​នេះ​។ បញ្ជា​ឲ្យ​អាជ្ញាធរ ឃើញ​មួយ វាយ​មួយ​»​។

​ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ដំឡើង​ប្រព័ន្ធ​តាមដាន​ការធ្វើសកម្មភាព​នានា តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​អំពើ​បំផ្លិចបំផ្លាញ​ជាតិ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យុទ្ធនាការ Facebook ត្រូវ​ដំឡើង​ម៉ាស៊ីន​ទាំងអស់ ដើម្បី​ចាប់យក Location (​ទីតាំង​) ទាំងអស់ ដើម្បី​ដឹងថា ពួកគេ​បង្ហោះ​ចេញពី​កន្លែង​ណា​? ចាប់​ទាំងអស់ ព្រោះ​យើង​មាន​មធ្យោបាយ​ដើម្បី​ធ្វើ​រឿងនេះ​។ អ្នកឯង​លេង​តាម Facebook យើង​បញ្ចេញ​នូវ​ម៉ាស៊ីន​ចាប់​ចំណុច ដែល​បង្ហោះ​ចេញ វា​អត់​ទៅណា​រួច​ទេ សុំ​ប្រាប់​អ្នកឯង ទៅ​មធ្យោបាយ​មាន​គ្រប់ ហើយក៏​សុំ​ផ្តាំ​ទៅ​អ្នកឯង​ថា ផែនការ ២៣​កក្កដា​នេះ ក៏​សុំ​បញ្ឈប់​ទៅ កុំ​ធ្វើ​ឲ្យ​សោះ គឺជា​ផែនការ​គ្រោះថ្នាក់ យើង​បាន​គ្រប់គ្រង​រួចស្រេច​ទៅហើយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ម៉ាស៊ីន​ដែល​ដំឡើង​ដោយ​សមត្ថកិច្ច ដើម្បី​ចាប់​ទីតាំង​អ្នក​បង្ហោះ​តាម Facebook គឺមាន​ភាព​សុក្រឹត​ខ្ពស់ ហើយ​ទីតាំង​លំអៀង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ត្រឹម​ជាង​២​ម៉ែត្រ​កន្លះ​តែប៉ុណ្ណោះ ព្រោះ​សម្តេច​បាន​សាកល្បង​រួចរាល់​អស់ហើយ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...