• Flexa

លោក ផៃ ស៊ី​ផាន ប្រតិកម្ម​ចំពោះ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានចេញ​សារ​ប្រាប់​ពលរដ្ឋ​ខ្លួន ដែល​កំពុង​រស់នៅ​កម្ពុជា ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​អសន្តិសុខ

2 ខែ កន្លងទៅ វុត្ថា

​ភ្លាមៗ​ក្រោយ​ពេលដែល​សហរដ្ឋ​អាមេរិក សម្រេច​ដាក់ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើដំណើរ​ប្រភេទ B1/B2 ដល់​មន្ត្រីការទូត​នៃ​ក្រសួងការបរទេស​កម្ពុ​ជា ចាប់តាំងពី​ថ្ងៃទី​១៣ ខែកញ្ញា តទៅ រដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​ការសោកស្ដាយ និង​រំពឹងថា សហរដ្ឋអាមេរិក​នឹង​ពិចារណា​ឡើងវិញ​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។​

​ការប្រកាស​ដាក់ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើដំណើរ​របស់​សហ​រដ្ឋ​អាមេរិក​នេះ ធ្វើឡើង​តែ​ចំពោះ​មន្ត្រីការទូត​កំពូលៗ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា និង​ក្រុមគ្រួសារ​របស់​ពួកគេ​តែប៉ុណ្ណោះ ហើយ​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា សាមញ្ញ មន្ត្រីរាជការ​ក្របខ័ណ្ឌ​ក្រសួង​ដទៃ សិស្ស​-​និស្សិត ឬ​អាជីវករ​ឡើយ​។​

​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​តទៅ ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ​នឹង​ផ្អាក​លែង ចេញ​ទិដ្ឋាការ​ប្រភេទ មិនមែន​អន្តោប្រវេសន៍ គឺ​ប្រភេទ​B1 ប្រភេទ​B2 និង​ប្រភេទ​B1/B2 ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក រហូតដល់​ថ្នាក់ដឹកនាំ​កំពូល នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ​។ ប៉ុន្តែ​ស្ថានទូត​ថា អាចមាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​។​

​តាមរយះ​សេចក្តីជូនដំណឹង​នេះ បាន​បង្ហាញថា ទណ្ឌកម្ម​លើ​ទិដ្ឋាការ មកលើ​កម្ពុជា​នេះ ក៏​ព្រោះតែ​កម្ពុជា ស្ថិតក្នុង​ចំណោម ប្រទេស​មួយចំនួនទៀត ដែល​បដិសេធ​មិន​ទទួលយក ឬ​ប្រើប្រាស់​ហេតុផល​ដែល​មិន​សមស្រប ដើម្បី​ពន្យារពេល​ទទួលយក ពលរដ្ឋ​នៃ​ប្រទេស​ខ្លួន​វិញ​។ ជាការ​ឆ្លើយតប រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​បញ្ជា​អោយ​មន្ត្រី​កុងស៊ុល បញ្ឈប់​លែង​ផ្តល់​ទិដ្ឋាការ រហូត​ទាល់តែ​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​ទទួល បាន​ព័ត៌មាន​ថា ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំងនោះ បាន​យល់ព្រម​ទទួលយក​ពលរដ្ឋ​រប​ស់​គេ​វិញ​។​

​ដូច្នេះ​មន្ត្រី​ក្រសួងការបរទេស​ឋានៈ ចាប់ពី​ថ្នាក់​អគ្គនាយក រហូតដល់​ថ្នាក់ដឹកនាំ​កំពូល អាច​ចូលទៅ​ប្រទេស​អាមេរិក​បាន ដរាបណា​កម្ពុជា ព្រម​ទទួលយក​ពលរដ្ឋ ដែល​ប្រព្រឹត្តិ​ផ្ទុយ​ច្បាប់ នៅ​ប្រទេស​អាមេរិក អោយ​ត្រឡប់មក​កម្ពុជា​វិញ​។​

​ជាមួយគ្នា​នោះដែរ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានចេញ​សារ​ប្រាប់​ពលរដ្ឋ​ខ្លួន ដែល​កំពុង​រស់នៅ​កម្ពុជា ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​អសន្តិសុខ ។ ប៉ុន្តែ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុក​សារ​របស់​ស្ថានទូត​អាមេរិក​នេះ គឺជា​ការ​បំផុសបំផុល​ព័ត៌មាន​មិន​ពិត លាប​ពណ៌​មកលើ​ប្រទេស​កម្ពុជា​។​តាមរយៈ​សារ​របស់​ស្ថានទូត​អាមេរិក បាន​រំ​ឮ​ក​ប្រាប់​ប្រជាជន​អាមេរិក​ថា ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា មានការ​ចាប់ខ្លួន​អ្នកនយោបាយ​ជាច្រើន​នាក់ ,​មានការ​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង​បុគ្គលិក​បរទេស​ចេញពី​កម្ពុជា ,​ការប្រឆាំង​រាល់​សម្ដី​របស់​អាមេរិក ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ក​ម្ពុ​ជា រួមទាំង​បញ្ហា​តានតឹង​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​ផងដែរ​។

ទូត​អាមេរិក បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ជា​ភាសារ​អង់គ្លេស​ប្រាប់​ពលរដ្ឋ​ខ្លួន ដោយមាន​ន័យ​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​ទោះបីជា​យ៉ាងណា​ស្ថានទូត មិនអាច​បញ្ជាក់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ចំពោះ​គម្រោង​នៃ​ការធ្វើ​បាតុកម្ម​នានា ឬក៏​បញ្ហា​សន្តិសុខ​នៅពេលនេះ​បានទេ​។ ប៉ុន្តែ​យើង​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ​។ ហើយ​ទោះជា​ការតវ៉ា ឫ​ក៏​ព្រឹត្តិការណ៍​ដែល​កើតឡើង​នោះ ក្នុង​គោលបំណង​ស្វែងរក​សន្តិភាព​ក្តី ក៏​អាច​វិលត្រឡប់​ទៅជា​ការប្រឈមមុខ​ដាក់​គ្នា ឬក៏​អាច​ក្លាយទៅជា​ការប្រើ​អំពើហិង្សា​ដ៏​ធំ​ដោយ​គ្មាន​ការជូនដំណឹង​ជាមុន​ផងដែរ​»​។​

​បន្ថែម​ពីនេះ​ស្ថានទូត​អាមេរិក បាន​ប្រាប់​ប្រជាជន​អាមេរិក ឲ្យ​ចៀស​ឆ្ងាយ​ពី​កន្លែង​ដែលមាន​មនុស្ស​ឈ​កុះករ និង​ប្រមូល​ផ្ដុំគ្នា​ជាដើម​។​«​ប្រជាជន​អាមេរិក​គួរតែ​ប្រុងប្រយ័ត្ន​ដោយ​ធ្វើដំណើរ​ទៅ​ទីកន្លែង​ណា​ដែលមាន​សន្តិសុខ​ខ្ពស់ ដោយ​ត្រូវ​ត្រួត​ពិនិត្យមើល​ព័ត៌មាន​ទីនោះ​ឲ្យ​បានច្បាស់លាស់ ហើយ​មិនត្រូវ​ធ្វេសប្រហែស​ចំពោះ​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​នោះទេ​។ ជាពិសេស​ត្រូវ​ដឹង និង​ប្រុងប្រៀប​ជាមុន ចំពោះ​អ្វីដែល​នៅ​ជុំវិញខ្លួន ហើយនឹង​ការរៀបចំ​គម្រោង​សកម្មភាព​ខ្លួន​ឲ្យ​បាន​សមស្រប​»​។ នេះ​ជា​សារ​ដាស់តឿន​របស់​ស្ថានទូត​អាមេរិក ទៅកាន់​ប្រជាជន​ខ្លួន​។

​ប៉ុន្តែ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ចាត់ទុក​សារ​របស់​ស្ថានទូត​អាមេរិក​នេះ គឺជា​ការ​បំផ្លើសការពិត ហើយ​បំភ្លៃ​ស្ថានការណ៍​ពិត​នៅ​កម្ពុជា ទាំងស្រុង ក្នុង​គោលបំណង​ទុច្ចរិត​ដែល​រដ្ឋាភិបាល​កម្ពុជា មិនអាច​ទទួលយកបាន​ឡើយ​។ លោក ផៃ ស៊ី​ផាន ថ្លែងបន្តថា ការផ្សព្វផ្សាយ​ព័ត៌មាន​នេះ​គឺជា​ការបំពុល​បរិយាកាស​នយោបាយ​ពិត​នៅ​កម្ពុជា ខណៈដែល​ស្ថានភាព​នយោបាយ​ដំណើរការ​ជាធម្មតា និង​ពុំមាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​៕

សុខភាព/បុរស/ស្ត្រី