• Flexa

លោក សម រង្ស៊ី យល់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិនអាច​ត្រូវ​រំលាយ សម្តេច​ហ៊ុន សែន ហ៊ាន​ភ្នាល់ ១ សង ១០០ បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​រំលាយ ….​អ្នកឯង​ស្គាល់​ហ៊ុន សែន តិចពេក​ហើយ​….

1 ខែ កន្លងទៅ វុត្ថា

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមកម្មករ​កាត់​ដេរ នា​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា សម្តេច​ហ៊ាន​ភ្នាល់ ១ សង ១០០ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​រំលាយ​។​

​ជាមួយនឹង​ការប្រកាស​ដូច្នេះ សម្តេច​ហ៊ុន សែន ក៏បាន​ប្រកាស​បើក​ឲ្យ​មាន​ការចាក់​ភ្នាល់ តាម​តុ​គុយទាវ ហាង​កាហ្វេ ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងពេល​តុលាការ​កំពូល​បើកសវនាកា​រ នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខ​។​

​សម្តេច​ហ៊ុន សែន បាន​បញ្ជាក់ថា "​បើ​រំលាយ ស៊ី​តែ ១​ទេ​។ តែបើ​អត់​រំលាយ សង ១០០​។ អ្នកណា​ដែល​ចាញ់ មក​យកលុយ​ពី​ខ្ញុំ​។ អ្នកឯង​ស្គាល់​ហ៊ុន សែន តិចពេក​ហើយ​”​។​​នៅក្នុង​ឱកាស​នោះដែរ សម្តេច​ហ៊ុន សែន ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​សមាជិក​រដ្ឋសភា ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ ។​

​ក្នុងនោះដែរ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ឲ្យ​ចុះផ្សាយ ថា គិត​ត្រឹម​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ តំណាងរាស្ដ្រ សមាជិក​ក្រុមប្រឹក្សា មេឃុំ ជំទប់ និង​ថ្នាក់ដឹកនាំ​មូលដ្ឋាន​សំខាន់ៗ សរុប​៨១​នាក់ បានសម្រេច​ចិត្ត​ដើរចេញ ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សុំចូល​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​រាប់ទាំង​ថ្ងៃនេះ​មាន​សមាជិក​ក្រុមប្រឹក្សាឃុំ ជំទប់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​នាក់​ថ្មី​ទៀត ដែល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​គួរ​រំលឹក​ដែរ​ថា កន្លងមក​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​អំពាវនាវ កុំ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា រាជធានី​ខេត្ត​ក្រុង ស្រុក​ខណ្ឌ និង​ឃុំ​សង្កាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ នៅក្នុង​វីដេអូ ចេញផ្សាយ​នៅ​យប់​ថ្ងៃ​សៅរ៍ ទី​៤​វិច្ឆិកា លោក សម រង្ស៊ី បាន​ចាត់ទុកថា ការចុះ​ចូល​របស់​សមា​ជិ​ក​បក្សប្រឆាំង​ទៅកាន់​គណបក្សកាន់អំណាច ជាការ​សម្រេចចិត្ត អ័ក​ហ្សឺ ឬ​ជាការ​សម្រេចចិត្ត​ខុស​។​

​ការសម្រេចចិត្ត​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការអំពាវនាវរ​បស់​សម្តេច ហ៊ុន សែន មិន​ត្រឹមតែ​ខុស​ចំពោះ​ឧ​ត្ត​ម​គតិ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ចំពោះ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ក៏​ខុស​ដែរ​។ នេះ​គឺជា​ការលើកឡើង​របស់​លោក សម រង្ស៊ី នៅក្នុង​ជំនួប​តាម​វីដេអូ Conference រវាង​លោក ជាមួយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ជាង​២០​នាក់ នៅ​យប់​ថ្ងៃទី​៤​វិច្ឆិកា​។ ជាការ​សម្រេចចិត្ត​ខុស ព្រោះ​លោក សម រង្ស៊ី យល់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិនអាច​ត្រូវ​រំលាយ​ដូច​ការលើកឡើង​របស់​សម្តេច ហ៊ុន សែន ឡើយ​។ ហើយ​អ្នក​ដែល​ជ្រុល​ចុះចូល​ជាមួយ​បក្ស​ប្រជាជន នឹង​ពិបាក​ត្រឡប់មក​រួមរស់​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ​វិញ​ណាស់ នៅពេល​បក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​បាន​គេ​រំលាយ​។ នេះ​បើតាម​លោក សម រង្ស៊ី បាន​បង្ហោះ​វីដេអូ​នៅលើ​ផេ​ក​របស់លោក​នាពេល​កន្លងមក​នេះ ៕

សុខភាព/បុរស/ស្ត្រី