• Flexa

តួលេខ​ចុះចូល មានការ​ខុសគ្នា បក្សប្រឆាំង​ថា​មាន ៥៨​នាក់ បក្ស​កាន់អំណាច​ថា​ចូល​បាន​១០០​នាក់ ហើយ​តំណែង​អ្នក​ចុះចូល​ត្រូវ​ជំនួស​អ្នកថ្មី

1 ខែ កន្លងទៅ លី សម្បត្តិ

​ស្របពេល​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​កំពុង​បន្តទៅ​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​តាម​ការដង្ហោយហៅ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅពេលនេះ​គណបក្សប្រឆាំង​កំពុងតែ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់ ថា​តើ​មាន​មន្ត្រី​របស់ខ្លួន​ចំនួន​ប៉ុន្មាន​នាក់​ពិតប្រាកដ ដែល​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។ បើតាម​បក្សប្រឆាំង បន្ទាប់ពី​ទទួលបាន​តួលេខ​ផ្លូវការ គឺ​មន្ត្រី​ទាំងនោះ​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បក្ស ដក​ចេញពី​តំណែង​នាពេល​បច្ចុប្បន្ន ហើយ​ដាក់​អ្នកថ្មី​ជំនួស​វិញ​។

​លោក​សុន ឆ័យ ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា មកដល់ពេលនេះ គណបក្សប្រឆាំង​បាន​រកឃើញ​ជាបឋម ថា​មាន​មន្ត្រី និង​សមាជិក​ក្រុមប្រឹក្សា​របស់ខ្លួន​ប្រមាណ​ជា​៥៨​រូប​ហើយ ដែល​បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំនួន​នេះ គឺ​ខុសគ្នា​នឹង​អ្វីដែល​អះអាង​ដោយ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច និង​តួលេខ​របស់​សារព័ត៌មាន​អន​ឡាញ Freshnews​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា មន្ដ្រី​បក្សប្រឆាំង​ចុះ​ចូលបក្ស​កាន់អំណាច់​មាន​ដល់​ទៅ​ជាង​១០០​នាក់​។ ចំណែក​សារព័ត៌មាន​អន​ឡាញ​Freshnews ដែលជា​បណ្តេញ​ព័ត៌មាន​ស្និត​នឹង​រដ្ឋាភិបាល​កម្ពុជា បង្ហាញថា មាន​ជាង​៨០​នាក់​។

​សម្រាប់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅពេលដែល​គណបក្ស​ស​រុ​ប​បានជា​ផ្លូវការ​នូវ​ចំនួន​មន្ត្រី​ដែល​ទៅ​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​នោះ គឺ​គណបក្ស​នឹង​អនុវត្ត​ទៅ​នីតិវិធី ដោយ​លុបឈ្មោះ​ពួកគេ​ចេញពី​បញ្ជី​បក្ស និង​ឈានទៅ​ដកតំណែង​ក្នុងនាម​តំណាង​ឲ្យ​គណបក្ស​ថែមទៀត ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​បាន​រំលាយ​។ ជោគវាសនា​បក្សប្រឆាំង​នឹងត្រូវ​សម្រេច​នៅ​ថ្ងៃទី​១៦ វិច្ឆិកា​ខាងមុខនេះ ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​បើកសវនាកា​រ​ជំនុំជម្រះ ថា​តើ​ត្រូវ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​ឬ​យ៉ាងណា​។ ប៉ុន្តែ​មុន​សវនាការ​មកដល់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែលជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ក្តែ​ងៗ​រួចទៅហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រំលាយចោល​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ នោះ​សមាសភាព​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ចេញពី​គណបក្សប្រឆាំង​នឹងត្រូវ​អស់​សុពលភាព​ដោយ​ស្វ័យប្រវត្តិ ។ ដូច្នេះ គណបក្សប្រឆាំង​មិនមាន​លទ្ធភាព​យក​សមា​សភាព​របស់​គណបក្ស​មក​ជំនួស​តាម​លេខ​រៀង​បន្តបន្ទាប់​នោះទេ​។ ទាំង​លោក​សុខ ឥសាន និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​សុទ្ធតែ​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តំណែង​របស់ខ្លួន​។

​នៅពេល​សួរថា តើ​គណបក្ស​ប្រជាជន​ធានា​បែបណា​ចំពោះ​តួនាទី​របស់​ក្រុមប្រឹក្សា​បក្សប្រឆាំង បើសិន​គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​បាន​រំលាយ​ទេនោះ​លោក ឥសាន ឆ្លើយថា​៖ «​ចាំមើល​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​»​។ «​ខ្ញុំ​មិន​ប្រាកដ​ទេ តែ​យើង​មើល​ពី​ពិរុទ្ធភាព​របស់​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស ដែល​ពិរុទ្ធភាព វា​ពាក់ព័ន្ធ​នឹង​មាត្រា ៦ ថ្មី និង​មាត្រា ៧ នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​។ យើង​ដឹង​ហើយ​តើ តែ​យើង​កុំ​ថា​ក្រែង​គេ​ថា​រំលោភ​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​»៕

សុខភាព/បុរស/ស្ត្រី