• Flexa

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីប្រកាស​ជាថ្មី​ជុំវិញ​ស្ថានការណ៍​នយោបាយ

1 ខែ កន្លងទៅ វុត្ថា

​គេ​នៅ​ចាំបាន​ថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមកម្មករ​កាត់​ដេរ នា​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសថា សម្តេច​ហ៊ាន​ភ្នាល់ ១ សង ១០០ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​រំលាយ​។​

​ជាមួយនឹង​ការប្រកាស​ដូច្នេះ សម្តេច​ហ៊ុន សែន ក៏បាន​ប្រកាស​បើក​ឲ្យ​មាន​ការចាក់​ភ្នាល់ តាម​តុ​គុយទាវ ហាង​កាហ្វេ ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងពេល​តុលាការ​កំពូល​បើកសវនាកា​រ នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខ​។​

​សម្តេច​ហ៊ុន សែន បាន​បញ្ជាក់ថា "​បើ​រំលាយ ស៊ី​តែ ១​ទេ​។ តែបើ​អត់​រំលាយ សង ១០០​។ អ្នកណា​ដែល​ចាញ់ មក​យកលុយ​ពី​ខ្ញុំ​។ អ្នកឯង​ស្គាល់​ហ៊ុន សែន តិចពេក​ហើយ​”​។​នៅក្នុង​ឱកាស​នោះដែរ សម្តេច​ហ៊ុន សែន ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​សមាជិក​រដ្ឋសភា ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ ។​

​ជុំវិញ​បញ្ហា​ខាងលើនេះ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រកាស​រក្សា​ជំហរ​ការពារ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​របស់ខ្លួន ពោលគឺ​លោក កឹម សុខា នៅតែ​ជា​ប្រធាន​គណបក្ស អមដោយ​អនុប្រធាន​ចំនួន​៣​រូប រួមមាន​លោក ប៉ុល​ហំ លោកស្រី មួរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង​។ ដោ​ឡែក​លោក សុន ឆ័យ នៅតែ​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​ដដែល​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃទី​០៨ ខែវិច្ឆិកា របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ទាំង​ហត្ថលេខា លោក សម រង្ស៊ី ផង​នោះ បាន​អំពាវនាវ ឲ្យ​អ្នកគាំទ្រ និង​សមាជិក​គណបក្ស​ទាំងអស់ រក្សា​ជំហរ​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ ជៀសវាង​ការជឿ​តាម​ការអូសទាញ ពី​គណបក្ស​ដទៃ​។​

​ក្រៅពី​ការអំពាវនាវ​ដល់​ផ្ទៃក្នុង​បក្ស​របស់ខ្លួន ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង ក៏បាន​ទាមទារ​ជាថ្មី ឲ្យ​រដ្ឋអំណាច​ដោះលែង លោក កឹម សុខា ក៏ដូចជា​អ្នកនយោបាយ​ផ្សេងទៀត និង​ជម្រុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដោយ​សន្តិវិធី តាម​លទ្ធិប្រជាធិបតេយ្យ​។ ជាមួយគ្នានេះ បក្សប្រឆាំង បានទាមទារ ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅ​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​។​

​គួរ​បញ្ជាកដែរថា បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ថា​គិត​ត្រឹម​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ តំណាងរាស្ដ្រ សមាជិក​ក្រុមប្រឹក្សា មេឃុំ ជំទប់ និង​ថ្នាក់ដឹកនាំ​មូលដ្ឋាន​សំខាន់ៗ សរុប​៨៩​នាក់ បានសម្រេច​ចិត្ត​ដើរចេញ ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សុំចូល​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​រាប់ទាំង​ថ្ងៃនេះ​មាន​សមាជិក​ក្រុមប្រឹក្សាឃុំ ជំទប់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​នាក់​ថ្មី​ទៀត ដែល​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៕

សុខភាព/បុរស/ស្ត្រី