• Flexa
  • Default ខាងលើក្រោមមេនុយ

ភាពយន្ត​ល្បីៗ​របស់​ជប៉ុន ១០​រឿង ចាក់​បញ្ចាំង​ជូន​ទស្សនា​ដោយ​ឥតគិតថ្លៃ នៅ​រោងភាពយន្ត​នា​ផ្សារ​ទំនើប​អ៉ី​អន និង​នៅ​ខេត្តសៀមរាប​

10 ខែ កន្លងទៅ ណូ​រ៉ា

(​ភ្នំពេញ​)៖ ដើម្បី​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​របស់ខ្លួន​នៅ​កម្ពុជា​នោះ ជប៉ុន បាន​បើក​មហោស្រព​ភាពយន្ត​ជា​លើក​ទី​ពីរ​របស់ខ្លួន​នៅក្នុង​ប្រ ទេស​កម្ពុជា​។ ក្នុងឱកាស​បើក​ហោ​ស្រព​ភាពយន្ត​នេះ ខ្សែភាពយន្ត​ល្បីៗ​របស់​ជប៉ុន ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ចំនួន ១០​រឿង នឹង​ចាក់​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទស្សនា​ដោយ​សេរី និង​មិន​គិតថ្លៃ​សំបុត្រ​ចាប់ពី​ថ្ងៃទី​០៥ រហូតដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា នៅ​រោង​ភាព យន្ត Major នា​ផ្សារ​ទំនើប​អ៉ី​អន រោងភាពយន្ត Legend ទួលគោក និង​រោងភាពយន្ត Platinum Cineplex ក្នុង​ខេត្តសៀមរាប​។​

​ភាពយន្ត ដែល​នឹង​ចាក់​បញ្ចាំង​រយៈពេល​៥​ថ្ងៃ​នៅ​កម្ពុជា​នេះ ជា​ខ្សែភាពយន្ត​បាន​សម្រិតសម្រាំង​ជាពិសេស​រួ​មាន ខ្សែភាពយន្ត​គំនូរជីវចល ភាពយន្ត​បែប​មនោសញ្ចេតនា ភាពយន្ត​ឯកសារ ភាពយន្ត​បែប​ស៊ើបអង្កេត ហើយ​ភាពយន្ត​ខ្លះ​ធ្លាប់​ទទួលបាន​ពានរង្វាន់​ផងដែរ​។ ភាពយន្ត​ទាំងនោះ សុទ្ធតែ​បាន​ឆ្លុះបញ្ចាំង​អំពី​ជីវិត​រស់នៅ​របស់​ជន​ជាតិ​ជប៉ុន សង្គម និង​វប្បធម៌​ជប៉ុន​។​

​លោក Masafumi Konomi ប្រធាន​គ្រប់គ្រង​គម្រោង​ជាន់ខ្ពស់ នៃ​មជ្ឈមណ្ឌល​មូលនិធិ​ជប៉ុន​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន​ក្នុងពេល​បើក​មហោស្រព​ភាពយន្ត​ជប៉ុន​នា​ព្រលប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​ថា ការចាក់​បញ្ចាំងភាពយន្ត​ជប៉ុន​នៅ​កម្ពុជា​នេះ​ក្នុង​បំណង​ផ្សព្វផ្សាយ​ពី​វប្បធម៌​របស់​ជប៉ុន ក៏ដូចជា​ចង់​ទាញ​ចំណាប់អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ទស្សនា​ភាពយន្ត​ជប៉ុន​ផងដែរ​។​

​បើតាម​លោក Masafumi Konomi ប្រសិនបើ​ការចាក់​បញ្ចាំង​នេះ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ខ្មែរ ជប៉ុន​នឹង​ពិចារណា​ក្នុងការ​នាំយក​ភាពយន្ត​ជប៉ុន​មកចាក់​បញ្ចាំង​នៅតាម​រោងកុន​នៅ​កម្ពុជា​ឲ្យ​មាន​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។​

​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក ហូ​រី​ណូ​អ៊ុ​ឈិ ហ៊ី​ដេ​ហ៊ី​សា បាន​បានបង្ហាញ​ជំនឿ​ចិត្ត​ថា តាមរយៈ​ខ្សែភាពយន្ត​ជប៉ុន​នឹងធ្វើ​ឲ្យ​ទស្សនិកជន​នឹង​ស្គា​ល់ពី​ប្រទេស និង​ប្រជាជន​ជប៉ុន​។​

​ដោយឡែក​លោកស្រី ភឿង សក្ក​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានបង្ហាញ​ការយល់ឃើញថា តាមរយៈ​ខ្សែភាពយន្ត​នេះ មិន​ត្រឹមតែ​ជាការ​ផ្សព្វផ្សាយ​នូវ​វប្បធម៌​ជប៉ុន​នៅ​កម្ពុជា​នោះទេ តែ​វា​ក៏បាន​ជួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​ជប៉ុន បាន​ស្វែងយល់​ពីគ្នា​បាន​កាន់តែច្បាស់ ដែលជា​ប្រការ​ជួយ​ជំរុញ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន កាន់តែ​ល្អប្រសើរ​ផងដែរ​។​

​លោកស្រី​បញ្ជាក់​ដូច្នេះ «​តាមរយៈ​ភាពយន្ត​ខ្ញុំ​ជឿជាក់ថា ប្រជាជន​កម្ពុជា នឹង​បានឃើញ​នូវ​ទេសភាព ប្រជាជន ទិដ្ឋភាព​សង្គម ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ នៃ​ប្រទេស​ជប៉ុន ហើយនឹង​អាច​ទទួល​នូវ​គំនិត​ថ្មីៗ ដែលជា​ធាតុ​ចូល​ល្អៗ​សម្រាប់​កម្ពុជា​។ តាមរយៈ​មហោស្រព​ភាពយន្ត​នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាជន នៃ​ប្រទេស​យើង​ទាំងពីរ នឹង​កាន់តែ​ពង្រឹង និង​ពង្រីក​នូវ​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​ក្នុង​ស្មារតី​យោគយល់ អធ្យាស្រ័យ ប្រកបដោយ​សន្តិភាព​»​។​

​សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ នៃ​ការចាក់​បញ្ចាំងភាពយន្ត​នៅ​កម្ពុជា ខណៈដែល​ឆ្នាំ​២០១៥​កន្លងទៅ​ការ​បញ្ចាំងភាពយន្ត​រប​ស់ជ​ប៉ុន​ទទួលបាន​អ្នកទស្សនា​ប្រមាណ​ជា ៥​ពាន់​នាក់​។ លោក Masafumi Konomi ការរៀបចំ​មហោស្រព​ភាពយន្ត​នេះ​នឹង​ធ្វើជា​បន្តបន្ទាប់​នៅ​ឆ្នាំក្រោយៗ​ទៀត​។​

​ការចូលរួម​ទស្សនា​ភាពយន្ត​ជប៉ុន​រយៈពេល ៥​ថ្ងៃនេះ អ្នកចូលរួម ក៏មាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ជប៉ុន និង​សំបុត្រ​ចូលរួម​ទស្សនា​ទស្សនា​មហោស្រព​ភាពយន្ត​អន្តរជាតិ​តូ​ក្យូ បូករួម​ទាំង​ថ្លៃ​ស្នាក់នៅ​ផងដែរ ដោយ​គ្រាន់តែ​ធ្វើការ​វាយតម្លៃ​ទៅលើ​ខ្សែ​ភាព យន្ត និង​កម្មវិធី​មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា​។​

​ប្រជាពលរដ្ឋ​ខ្មែរ​អាច​អញ្ជើញ​ទៅ​ទស្សនា​ខ្សែភាពយន្ត​ជប៉ុន​រយៈពេល ៥​ថ្ងៃនេះ តាម​ពេលវេលា និង​រោងកុន​ដូច​មានភ្ជាប់​មកជា​មួយ​នៅ ក្នុង​តារាង​ខាងក្រោម​៖ ( Freshnews )

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2