• Giloba

អតីត​នាយករដ្ឋមន្ត្រី​ណា​ហ្ស៊ី​ប រ៉ា​ហ្សា​ក់​៖ គេ​កំពុង​រៀប​គម្រោង​ពីលើ​ដល់​ក្រោម​ដើម្បី​ប្រឆាំងនឹង​រូបខ្ញុំ ជាមួយ​ព័ត៌មាន និង​រូបភាព​ក្លែងក្លាយ​ជាច្រើន​

2 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​អតីត​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក ណា​ហ្ស៊ី​ប រ៉ា​ហ្សា​ក់ ត្រូវបាន​ចាប់ខ្លួន​នា​ថ្ងៃ​អង្គារ ទី​៣ កក្កដា​ក្នុង​បទ​ពុករលួយ​។ ការចាប់ខ្លួន​លោក​រ៉ា​ហ្សា​ក់បាន​ធ្វើឡើង​ដោយ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ និង​ក្នុង​ក្របខណ្ឌ​នៃ​ការស៊ើបអង្កេត​ពីបទ​លួច​លុយ​រដ្ឋ​តាមរយៈ​ក្រុមហ៊ុន​សាធារណៈ​មួយ​ក្រោម​ឈ្មោះ ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ 1MDB​។ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​ត្រូវបាន​លោក​រ៉ា​ហ្សា​ក់​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៩ ដែលជា​ឆ្នាំ​នៃ​ការចូល​កាន់តំណែង​ប្រមុខ​រដ្ឋាភិបាល​។​

​លោក​ណា​ជីប ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​លើ​សេចក្ដី​ទុក​ចិ​ត្ដ​បី​ករណី និង​ការប្រើ​អំណាច​ដើម្បី​ទទួល​ប្រាក់​សំណូក​មួយ​ករណី​។​

​បន្ទាប់ពី​ការចោទប្រកាន់​ត្រូវបាន​អាន​ម្ដង​មួយៗ លោក​ណា​ជីប​បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់ ហើយ​បាន​និយាយ​យ៉ាង​ទន់ភ្លន់​ថា "​ខ្ញុំ​សូម​ជំទាស់​នឹង​ការកាត់ក្ដី​នេះ​”​។ ចំពោះ​បទចោទប្រកាន់​នីមួយៗ អាចមាន​ទោស​ជាប់ពន្ធនាគារ​រហូតដល់​២០​ឆ្នាំ ហើយ​ចំពោះ​ការប្រើ​អំណាច​ខុសច្បាប់​វិញ ត្រូវ​ទទួលពិន័យ​មិនតិចជាង​៥​ដង​ឡើយ នៃ​ប្រាក់​សំណូក​ដែល​ទទួលបាន​។​

​អគ្គ​រដ្ឋអាជ្ញា​ម៉ាឡេស៊ី​លោក​ធូ​មី ធូ​ម៉ាស​(Tommy Thomas) បាន​និយាយ​ដោយ​សំដៅលើ​បទចោទប្រកាន់​បាន​ប្រើ​អំណាច​ខុសច្បាប់​ថា ក្នុងនាម​ជាម​ន្ដ្រី​សាធារណៈ​ដែលជា​នាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ អ្នក​បាន​ប្រើ​មុខតំណែង​របស់ខ្លួន​ដើម្បី​ទទួលបាន​ប្រាក់​សំណូក​សរុប​៤២​លាន​រីង​ហ្គី​ត​។ អគ្គ​រដ្ឋអាជ្ញា​ក៏បាន​ស្នើ​ឲ្យ​តុលា​ការកំណត់​ការដាក់​ប្រាក់​ធានា​ចំនួន​៤​លាន​រីង​ហ្គី​ត និង​ស្នើ​ឲ្យ​លោក​ណា​ជីប​ប្រគល់​លិខិតឆ្លងដែន​ចំនួន​ពីរ​។ ទីបំផុត​ប្រាក់​ធានា​សុំ​នៅក្រៅ​ឃុំ​បានកំណត់​ត្រឹម​១​លាន​រីង​ហ្គី​ត ហើយ​លោក​ណា​ជីប​ក៏​បញ្ជា​ឲ្យ​ប្រគល់​លិខិតឆ្លងដែន​ផងដែរ​។​

​ជុំវិញ​ករណី​ខាងលើនេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia ដែល​បាន​ដកស្រង់​សំដី​លោក ថា​បានលើកឡើង​នោះ​គឺ «​ប្រជាជន​ម៉ាឡេស៊ី​ជាទី​ស្រឡាញ់ បើសិនជា​អ្នក​កំពុង​ស្ដាប់​សារ​នេះ ខ្ញុំ​ចង់​ប្រាប់ថា មាន​បណ្ដឹង​ជាច្រើន​ត្រូវបាន​គេ​រៀបចំឡើង​ប្រឆាំងនឹង​រូបខ្ញុំ ជាមួយ​ព័ត៌មាន និង​រូបភាព​ក្លែងក្លាយ​ជាច្រើន​ក្នុងន័យ​មួលបង្កាច់​រូបខ្ញុំ​។ ដូច្នេះ​ទុកឱ្យ​ការស៊ើបអង្កេត​ដំណើរ​ការចុះ ខ្ញុំ​គ្មាន​ឱកាស​ការពារ​ខ្លួនឯង​ឡើយ​»​។​

​គួរ​បញ្ជាក់ដែរថា នៅក្នុង​ខែឧសភា​កន្លងទៅ​ថ្មីៗ​នេះ និង​ក្នុង​ក្របខណ្ឌ​នៃ​ការស៊ើបអង្កេត​ដូចគ្នានេះ កម្លាំង​ប៉ូលិស​បាន​ចុះទៅ​ឆែកឆេរ​ក្នុងផ្ទះ​លោក​រ៉ា​ហ្សា​ក់ ហើយ​រឹបអូស​បានកា​បូក​យួរដៃ​ម៉ាក​ល្បីៗ​ជាច្រើន​របស់​ប្រពន្ធ​ដែល​ដាក់​ពេញ​ដោយ​គ្រឿងអលង្ការ និង​លុយកាក់​ដែលមាន​តម្លៃ​សរុប​ប្រមាណ​ជា ២៣៤​លាន​អឺរ៉ូ​។ សូម​ជម្រាបជូន​ថា គឺ​រឿងរ៉ាវ​ដែល​បានធ្វើ​ឲ្យ​កក្រើក​មជ្ឈដ្ឋាន​មហាជន​ទូទៅ​នៅ​ម៉ាឡេស៊ី​អស់​ជាច្រើន​ឆ្នាំ​មួយ​នេះឯង​ដែល​បានធ្វើ​ឲ្យ​លោក​រ៉ា​ហ្សា​ក់ រួមទាំង​គណបក្ស​រប​ស់លោក​ចាញ់ឆ្នោត​យ៉ាងដំណំ​នា​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១០ ឧសភា​។​

​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក​ម៉ា​ហា​ទៀរ ម៉ូ​ហា​ម៉ា​ដ​អាយុ​៩២​ឆ្នាំ​ក៏បាន​ប្រកាស​ពី​បំណង​ចង់​ប្រមូល​លុយ​ដែល​លោក​រ៉ា​ហ្សា​ក់បាន​លួច​បង្វែរ​ពី​ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ និង​ដែល​សព្វថ្ងៃ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​កំពុង​ជំពាក់​បំណុល​ប្រមាណ​ជា ១០ ០០០​លាន​អឺរ៉ូ​។ ក្រៅពី​បើក​ការស៊ើបអង្កេត​នៅ​ម៉ាឡេស៊ី រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ​នេះ​ក៏មាន​ការបើក​ស៊ើបអង្កេត​នៅ​បរទេស​ដែរ ពិសេស​ក្នុងប្រទេស​សិង្ហ​បុរី ស្វ៊ី​ស និង​នៅ​អាមេរិក​។ លោក​ណា​ហ្ស៊ី​ប រ៉ា​ហ្សា​ក់​នឹង​ចោទប្រកាន់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី​៤ កក្កដា នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​បាន​ផ្សាយ​ថ្ងៃ​អង្គារ ទី​៣ កក្កដា​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...