• Default ខាងលើក្រោមមេនុយ

លោក បា​រ៉ា​ក់ អូ​បា​ម៉ា​៖ រុស្ស៊ី និង​ចិន មិនអាច​ប្រៀប​នឹង សហរដ្ឋអាមេរិក​បាន​ឡើយ​ហើយ​អាមេរិក មិន​បោះបង់​អ្វី​ជា​របស់ខ្លួន​ដែរ​

2 ខែ កន្លងទៅ ណូ​រ៉ា

(​វ៉ាស៊ីនតោន​)៖ ប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានទទួល​ស្គាល់​ពី​បរាជ័យ នៃ​នយោបាយ​ការបរទេស​មួយចំនួន​របស់លោក​ជាពិសេស​គឺ​សង្គ្រាម​ស៊ី​រី​តែម្ដង ប៉ុន្តែ​ព្រម​ពេល​ជាមួយគ្នា លោក អូ​បា​ម៉ា នៅតែ​អះអាងថា​សហរដ្ឋអាមេរិក​គឺជា​មហាអំណាច​លេខ​១ នៅលើ​ពិភពលោក​ហើយ​គូប្រជែង​ដូចជា​ចិន​និង​រុស្ស៊ី គ្មាន​សមត្ថភាព​អ្វី​មក​ប្រកួតប្រជែង​នឹង​សហរដ្ឋអាមេរិក​បាន​នោះឡើយ​។ នេះ​បើតាម ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែមករា ឆ្នាំ​២០១៧​។​

​ការលើកឡើង​របស់លោក អូ​បា​ម៉ា ដូច​ខាងលើនេះ​ធ្វើឡើង​នៅក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​ជា​លើកចុងក្រោយ នៅឯ​ទីក្រុង Chicago​។ លោក អូ​បា​ម៉ា កត់សម្គាល់​ដូច្នេះ​ថា «​គូប្រជែង​ដូចជា​រុស្ស៊ី ឬមួយ​ក៏​ចិន​មិនអាច​ប្រៀបធៀប​នឹង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក នៅ​ទូទាំង​ពិភពលោក​បានឡើយ (...) ត្បិត​យើង​មិនដែល​បោះបង់ចោល​អ្វីដែល​យើង​ត្រូវការពារ​នោះទេ ហើយ​យើង​ក៏​មិនមែន​ត្រឹមតែ​ជា​ប្រទេស​មហាអំណាច​ចូលចិត្ត​ដើរ​គំរាម​ប្រទេស​តូចៗ​នោះដែរ​»​។ លោក អូ​បា​ម៉ា បន្ថែមថា «​បើសិនជា​ការគោរព​នីតិរដ្ឋ​នៅតែ​បន្ត​ធ្លាក់ចុះ ខណៈ​លទ្ធភាព​សង្គ្រាម​រវាង​ប្រទេស​និង​ប្រទេស​មានការ​កើនឡើង​នោះ​ប្រាកដ​ណាស់​ថា វា​គឺជា​ការគំរាមកំហែង​ដល់​សេរីភាព​របស់​សហរដ្ឋ​អាមេរិក​»​។​

​គួរ​បញ្ជាក់ថា នៅក្រោម​រដ្ឋបាល​លោក អូ​បា​ម៉ា ទំនាក់ទំនង​រវាង​រុស្ស៊ី និង​សហរដ្ឋអាមេរិក បានទទួល​រង​នូវ​ភាព​តានតឹង​យ៉ាងខ្លាំង​ក្រោយ​ពេលដែល​ទីក្រុង​វ៉ាស៊ីនតោន បានធ្វើការ​ចោទប្រកាន់​ក៏ដូចជា​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ទីក្រុង​មូ​ស្គូ សម្រាប់​ការ​លូកដៃ​ចូលក្នុង​ជម្លោះ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​២០១៤ ហើយ​ជាងនេះទៅទៀត​កាលពីពេល​ថ្មីៗ​នេះ លោក អូ​បា​ម៉ា ក៏បាន​សម្រេចចិត្ត បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី ៣៥​នាក់​ចេញពី​សហរដ្ឋអាមេរិក​ផងដែរ ដោយសារតែ​រឿង​ជ្រៀត​ជ្រែ​ត​ចូលក្នុង​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក បើទោះបីជា​រុស្ស៊ី​បាន​បដិសេធ​ជាច្រើន​ដង​ហើយក៏​ដោយ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2