• Flexa

ថា​IT​ចុះ​ស្លុង​! រដ្ឋមន្ត្រី​មួយរូប​នៅ​ឥណ្ឌា​ដាក់​គំរោង​ការចំណាយ​ប្រាក់​៣៦​លាន​ដុល្លារ​រក​រុក្ខជាតិ​ឱសធ​តាម​សាច់រឿង​រាមកេរ្តិ៍​ដោយ​ស្រមើល​ស្រមៃ​

4 ខែ កន្លងទៅ សូ រា

ដោយ DNT News ៖ នៅក្នុង​រឿង​រាមកេរ្តិ៍​បាន​តំណាល​ពី​ព្រះ​ល​ក្មណ្ស៍​ត្រូវ​យក្ស​វាយប្រហារ​រងរបួស​ជា​ទម្ងន់​ហើយ​គ្រូពេទ្យ​ប្រាប់ថា​មានតែ​រុក្ខជាតិ​ឱសថ​សាន់​ជីវ៉ា​នី​បូ​ទីមួយ​មុខ​ប៉ុណ្ណោះ ដែល​ដុះ​លើ​កំពូលភ្នំ​ហិមាល័យ​ទើប អាច​សង្គ្រោះ​ជីវិត​បាន ។ ថ្វីបើ​រឿង​រាមកេរ្តិ៍​ជា​ប្រភេទ​រឿង​ទេវ​កថា​ក៏​ពិតមែនតែ​កាលពី​ខែកក្កដា​កន្លងទៅនេះ​រដ្ឋ​មន្ត្រី​មួយរូប​ក្នុង​រដ្ឋ​អ៊ុត​តារា​ខាន់​របស់​ឥណ្ឌា​បានដាក់​ចេញ​នូវ​គម្រោងការ​មួយ ដោយ​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ដើម្បី​ស្វែងរក​រុក្ខជាតិ​ឱសថ​បុរាណ​សាន់​ជីវ៉ា​នី​បូ​ទី​នៅលើ​កំពូលភ្នំ​ហិមាល័យ ដែល​ធ្វើឱ្យ​មនុស្ស​ភាគច្រើន​លើកឡើង​លេងសើច​ថា លោក​រដ្ឋមន្ត្រី​រូបនោះ​កំពុងតែ​ស្លុង​អារម្មណ៍​ចូល​តួ​ក្នុងសម័យ​រាមកេរ្តិ៍​ជា​សម័យមួយ​ដែល​មនុស្ស​បាន​ប្រឌិត​ឡើង​តែប៉ុណ្ណោះ ។​

កាលពី​ខែកក្កដា​កន្លងទៅ​អាជ្ញាធរ​រដ្ឋ អ៊ុត​តារា​ខាន់​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​បាន​ចំណាយ​ប្រាក់​ចំនួន​២៥០​លាន​រូពី ឬ​ប្រហែល​៣៦​លាន​ដុល្លារ​ដើម្បី​រុករក​រុក្ខជាតិ​ឱសថ​បុរាណ​សាន់​ជីវ៉ា​នី​បូ​ទី​នៅលើ​កំពូលភ្នំ​ហិមាល័យ​ដែល​ជឿថា អាចជួយ​ប្រស់​ជីវិត​មនុស្ស​ឱ្យ​រស់​ឡើងវិញ​បាន​ដូច​ក្នុង​រឿង​រាមកេរ្តិ៍​ដែល​ជួយ​ជីវិត​ព្រះ​ល​ក្មណ្ស៍​ជា​អនុជ​របស់​ព្រះរាម ។ នៅក្នុង​រឿង​រាមកេរ្តិ៍​និទាន​ថា ឱសថ​សាន់​ជីវ៉ា​នី​បូ​ទី​មានគុណ​សម្បត្តិ​ជួយ​អ្នក​បាត់​បង់ជីវិត​ឱ្យដឹង​ខ្លួន​ឡើងវិញ​បាន ។ វា​ដុះ​នៅ​ទីទួល​ខ្ពស់​នៃ​កំពូលភ្នំ​ហិមាល័យ ហើយ​មាន​ចាំង​ពន្លឺ​នៅ​ទី​ងងឹត ។​

ក្នុង​រឿង "​រាមកេរ្តិ៍​” និទាន​ថា​ហនុមាន​បានទទួល​តួនាទី​ពី​ព្រះរាម​ឱ្យ​ទៅរក​រុក្ខជាតិ​បុរាណ​ប្រភេទ​នេះ​ក្រោយពី​គ្រូពេទ្យ​ប្រាប់ថា​វា​នឹង​ជួយ​ព្យាបាល​ព្រះ​ល​ក្មណ្ស៍​ដែល​រកកល់ នឹង​បាត់​បង់ជីវិត​ឱ្យដឹង​ខ្លួន​វិញ ។ ប៉ុន្តែ​ហនុមាន​មិន​ស្គាល់​រុក្ខជាតិ​នេះ​ទើប​គាស់​ភ្នំ​ទាំងមូល រួច​លី​យកទៅ​ព្យាបាល​ព្រះ​ល​ក្មណ្ស៍​ក្នុងពេល​ធ្វើសង្គ្រាម​ជាមួយ​សត្រូវ​ក្នុង​សមរភូមិ​មួយ ដែល​បច្ចុប្បន្ន​ជា​ប្រទេស​ស្រីលង្កា ។​បណ្តា​រុក្ខជាតិ​ជាច្រើន​ប្រភេទ​នៅលើ​ភ្នំ​ហិមាល័យ​មានគុណ​សម្បត្តិ​ជា​ឱសថ ប៉ុន្តែ​មាន​ភស្តុតាង​មិន​គ្រប់គ្រាន់​ថា​តើ​រុក្ខជាតិ សាន់​ជីវ៉ា​នី​បូ​ទី​នៅមាន​ឬ​អត់​ព្រោះ​កន្លងមក​បណ្តា​អ្នកប្រាជ្ញ និង​អ្នកស្រាវជ្រាវ​បរាជ័យ​ក្នុងការ​រកឃើញ​វា​អស់​រយៈពេល​រាប់រយឆ្នាំ​មកហើយ ។

​លោក​ស៊ូ​រ៉េ​ន​ដ្រា ស៊ី​ញ​ណេ​ហ្គា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៃ​រដ្ឋ​អ៊ុត​តារា​ខាន់​អះអាងថា ការស្វែងរក​រុក្ខជាតិ​ឱសថ​សាន់​ជី វ៉ា​នី​បូ​ទី​គឺ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​ចាប់ផ្តើម​ក្នុង​ខែសីហា​នេះ ។​លោក​ប្រាប់ថា យើង​ត្រូវ​សាកល្បង​ហើយ​វា​មិន​សាបសូន្យ​ទេ ប្រសិនបើ​យើង​ព្យាយាម​នឹង​រកឃើញ​ជាក់​ជាមិនខាន ។ លោក​រដ្ឋមន្ត្រី​បន្តថា ការស្វែងរក​រុក្ខជាតិ​ទេវ​កថា​នេះ​នឹង​ផ្តោតលើ​តំបន់​ដ្រូ​ណា​ហ្គី​រី​ជួរ​ភ្នំ​ហិមាល័យ​ក្បែរ​ព្រំដែន​ប្រទេស​ចិន​ជា​ភ្នំ​មួយ​ដែល​ស្ថិតក្នុង​តំណាល​រឿងព្រេង​និទាន​រាមកេរ្តិ៍ និង​មាន​រុក្ខជាតិ​ប្រភេទ​នេះ​ដុះ​នៅ ។​ការស្វែងរក​នឹង​ផ្តោត​ខ្លាំង​នៅលើ​ភ្នំ​ដ្រូ​ណា​ហ្គី​រី​ជា​សាខា​មួយ​របស់​ភ្នំ​ហិមាល័យ​ក្បែរ​ព្រំដែន​ប្រទេស​ចិន​គឺជា​ប្រភព​ដែល​បានបញ្ជាក់​ទុក​ក្នុង​រឿង​រាមកេរ្តិ៍ ៕ DNT News​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី