• Flexa

NASA៖​បរិយាកាស​លើ​ភព​ដីក្រហម ត្រូវបាន​បំផ្លាញ​ដោយសារ​ខ្យល់​ព្រះអាទិត្យ​និង​សារធាតុ​វិទ្យុសកម្ម​

2 ខែ កន្លងទៅ នុម៉ា

​ពិតណាស់ថា​ពីមុន ភព​ព្រះ​អង្គារ​គឺជា​ភព​ដែលមាន​សំណើម និង​កម្តៅ​ដែល​អាច​ទ្រទ្រង់​ជីវិត​មនុស្ស​រស់នៅ​បាន​។ ប៉ុន្តែ​កាលពី​រាប់ពាន់​លាន​ឆ្នាំមុន ខ្យល់​ព្រះអាទិត្យ និង​សារធាតុ​វិទ្យុសកម្ម បាន​បំផ្លាញ​បរិយាកាស​ទាំងមូល​នៅក្នុង​ភព​ព្រះ​អង្គារ ធ្វើ​ឲ្យ​ភព​ដីក្រហម​មួយ​នេះ ក្លាយជា​ពិភព​វាល​ខ្សាច់​គ្មាន​មនុស្ស​រស់នៅ​បាន​។​

នេះ​គឺជា​ការសន្និដ្ឋាន​មួយ​របស់​ក្រុម​ស៊ើបអង្កេត​ដែល​កំពុងធ្វើការ​ជាមួយ​យានអវកាស MAVEN របស់​អង្គការ NASA ដែល​បាន​រកឃើញថា ភព​ព្រះ​អង្គារ​ចាប់ផ្តើម​បាត់បង់​ឧស្ម័ន​អាកុង និង​ឧស្ម័ន​ធម្មជាតិ​បន្តិច​ម្តងៗ ជា​លទ្ធផល​នៃ​ដំណើរ​វិវត្តន៍​ស្មោះ "​ការផ្ទុះ​(sputtering)”​។​

​រង្វាស់​ពី​បរិយាកាស​ស្រទាប់​លើ​នៃ​ភព​ព្រះ​អង្គារ ដែល​ប្រមូលបាន​ពី​ឧបករណ៍​វាស់​អ៊ីយ៉ុង និង​ឧស្ម័ន​(NGIMS)​របស់​យាន MAVEN បាន​រកឃើញថា​ឧស្ម័ន​លើ​ភព​ដីក្រហម​ត្រូវបាន​បាត់បង់​នៅពេលនោះ​។​

​ស្របពេល​ដែលមាន​មធ្យោបាយ​ច្រើន​ដែល​ភព​អាច​បាត់បង់​បរិ​កាស​របស់ខ្លួន​បាន ដែល​រួមទាំង​ប្រតិកម្ម​គីមី ដែល​បង្ខាំង​ឧស្ម័ន​ទុក​ក្នុង​ថ្ម​នោះ ក្រុម​អ្នកស្រាវជ្រាវ​បាន​កំណត់ថា ខ្យល់​ព្រះអាទិត្យ និង​សារធាតុ​វិទ្យុសកម្ម​គឺជា​ដើមចម​សំខាន់​ជាងគេ​ដែល​ធ្វើ​ឲ្យ​ភព​ព្រះ​អង្គារ ក្លាយជា​ភព​ងាប់​បែបនេះ​។​

៦៥​ភាគរយ​នៃ​ឧស្ម័ន​អាកុង​ដែល​ធ្លាប់មាន​នៅលើ​ភព​នេះ ចាប់ផ្តើម​បាត់បង់​គ្មាន​សល់​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​ពន្យល់ថា អាកុង​គឺជា​ឧស្ម័ន​ល្អ វា​មិនមាន​ប្រតិកម្ម​គីមី​នោះទេ មានន័យថា "​ការផ្ទុះ​”​គឺជា​មធ្យោបាយ​តែ​ម្យ៉ាង​គត់​ដែល​អាចធ្វើ​ឲ្យ​វា​ឃ្លាត​ចេញពី​ភព​បាន​។ នេះ​មានន័យថា សារធាតុ​អ៊ីយ៉ុង ដែល​ទទួលយក​ដោយ​ខ្យល់​ព្រះអាទិត្យ បាន​បុក​នឹង​ភព​ព្រះ​អង្គារ​ក្នុង​ល្បឿន​លឿន​បំផុត ជាហេតុ​ធ្វើ​ឲ្យ​ឧស្ម័ន​ក្នុង​បរិយាកាស​ត្រូវ​ខ្ទាត​ចេញពី​ភព​។​

​ក្រុម​អ្នកស្រាវជ្រាវ បានប្រកាស​កាលពី​ឆ្នាំ​២០១៥​ថា ភព​ព្រះ​អង្គារ​បាន​បាត់បង់​នូវ​ឧស្ម័ន​បរិយាកាស​របស់​វា ប៉ុន្តែ​ពេលនេះ ពួកគេ​អាច​កំណត់​បាន​ពី​ផលប៉ះពាល់​ដែល​នាំ​ឲ្យ​គ្មាន​ខ្យល់​បែបនេះ​។​

​លោក Bruce Jakosky អ្នកស៊ើប​អង្កេត​ដ៏​សំខាន់​មួយរូប​របស់​យាន MAVEN និង​ជា​សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ Colorado បាន​និយាយថា​៖ "​យើង​បានធ្វើការ​សន្និដ្ឋានថា​ឧស្ម័ន​ភាគច្រើន​ដែល​ធ្លាប់មាន​នៅក្នុង​បរិ​កាស​ភព​ព្រះ​អង្គារ បាន​បាត់បង់​ទៅ​ឲ្យ​ទី​អវកាស​”​។​

​ដោយឡែក លោក Elsayed Talaat អ្នកវិទ្យាសាស្ត្រ​គ្រប់គ្រង​កម្មវិធី​របស់​យាន MAVEN នៅ​ទី​ស្នាក់​កណ្តាល​របស់ NASA ស្ថិត​នៅឯ​ទីក្រុង​ញូវយ៉ក បាន​និយាយថា ការរកឃើញ​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ ឆ្ពោះទៅរក​ការ​លាតត្រដាង​អាថ៌កំបាំង​នៃ​បរិស្ថាន​ពីមុន​របស់​ភព​ព្រះ​អង្គារ​។ លោក​បញ្ជាក់ថា វា​គឺជា​បរិបទ​ដ៏​ទូលំទូលាយ​ជាង​មុន ព័ត៌មាន​មួយ​នេះ នឹង​បង្រៀន​យើង​យ៉ាង​ដឹង​ពី​ដំណើរ​ការផ្លាស់​ប្តូរជីវិត​រស់នៅ​លើ​ភព​ព្រះ​អង្គារ​កាល​អំឡុង​រាប់ពាន់​លាន​ឆ្នាំមុន​៕

សុខភាព/បុរស/ស្ត្រី