• Flexa

ទីបំផុត​ប្រធាន​ផ្នែក News Feed របស់​ក្រុមហ៊ុន Facebook បាន​ចេញមុខ​បកស្រាយ​រឿង​ជ្រើសរើស ប្រទេស​កម្ពុជា​និង​ប្រទេស​មួយចំនួនទៀត​ដើម្បី​សាកល្បង Explore Feed !

1 ខែ កន្លងទៅ នុម៉ា

​កាលពីពេល​ថ្មីៗ​នេះ អ្នកប្រើប្រាស់​ជាច្រើន​នៅ​កម្ពុជា ប្រហែលជា​បានដឹង​ពី​ការធ្វើ​កំណែ Update ថ្មី​របស់ Facebook នៅលើ News Feed ដែល​បាន​បែង​ចែកជា​ពីរ​ផ្នែក​ផ្សេងគ្នា​។ ទាក់ទង​នឹង​ការធ្វើ​តេស្ត​សាកល្បង​នេះ សារព័ត៌មាន Venturebeat បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​ថា ការធ្វើ​តេស្ត​នេះ Facebook បានជ្រើសរើស​តែ ៦​ប្រទេស​ប៉ុណ្ណោះ ក្នុងនោះ​ក៏មាន​កម្ពុជា ផងដែរ​។​​បច្ចុប្បន្ន សម្រាប់​ប្រទេស​កម្ពុជា News Feed ក្នុង Facebook ត្រូវ​ចែកជា​ពីរ ពោលគឺ News Feed ដែល​បង្ហាញ​ពី​រូបថត ឬ ព័ត៌មាន​នានា​ដែល Friends ឬ​ក្រុមគ្រួសារ​របស់​ម្ចាស់​គណនី​បាន​បង្ហោះ និង News Feed ថ្មី​មួយទៀត ឬ ហៅថា Explore Feed ដែល​បង្ហាញ​ពី​ការ​បង្ហោះ​របស់​ទំព័រ (Page) ផ្សេងៗ ដែល​ពួកគេ​បាន​ចុច Like ។​

​លោក Adam Mosseri ប្រធាន​ផ្នែក News Feed របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បាន​បកស្រាយ​កាលពី​ថ្ងៃទី​២៤ ខែតុលា ថា ការដាក់​ដំណើរការ​សាកល្បង​កម្ម​វិធី Explore Feed នៅ​ស្រីលង្កា បូ​លី​វី ស្លូ​វ៉ា​គី ស៊ែ​ប៊ី ហ្គា​តេ​ម៉ា​ឡា និង​កម្ពុជា គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពី​ការចង់បាន​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​។​​ថ្នាក់ដឹកនាំ​ជំនាញ​ហ្វេ​ស​ប៊ុ​ក​រូបនេះ បាន​ពន្យល់ថា​៖ «​យើង​តែងតែ​ស្តាប់​ជានិច្ច​នូវ​ការលើកឡើង​ក្នុង​សហគមន៍​របស់​យើង​អំពី​វិធីសាស្ត្រ​ក្នុងការ​ពង្រីក​ក​កម្មវិធី​ផ្តល់ព័ត៌មាន News Feed​។ អ្នកប្រើប្រាស់​ប្រាប់​យើង​ថា ពួកគាត់​ចង់ឃើញ​យ៉ាង​ងាយស្រួល​នូវ​ការ​បង្ហោះ​ពី​សំណាក់​មិត្តភក្តិ និង​គ្រួសារ​។ យើង​កំពុង​សាកល្បង​ការចង់បាន​បែបនេះ ពោលគឺ​ផ្នែក​សម្រាប់​មនុស្ស​ទូទៅ​លើ​ទំនាក់ទំនង​មិត្តភក្តិ និង​គ្រួសារ ហើយ​មួយទៀត ត្រូវបាន​បែងចែក​ដាច់ដោយឡែក លើ​ការ​បង្ហោះ​ព័ត៌មាន​នានា​ពី​ទំព័រ [pages] ដែល​ហៅថា Explore»​។​

​លោក Adam Mosseri បាន​អះអាងថា ក្រុមការងារ​របស់លោក​នឹង​ស្តាប់​មតិយោបល់ និង​បទពិសោធន៍​នានា ដើម្បី​ទទួលបាន​ចំណុច​ល្អ​ក្នុងការ​អភិវឌ្ឍន៍​សេវាកម្ម​ហ្វេ​ស​ប៊ុ​ក​។ លោក​បាន​បន្ថែមថា​៖ «​រាល់​ការសាកល្បង​របស់​យើង យើង​អាច​រៀន​បាន​នូវ​អ្វីដែល​ថ្មី [...] ដូច្នេះ​យើង​អាច​យល់ច្បាស់​ពី​ការងារ​ដ៏​ល្អប្រសើរ​របស់​យើង​សម្រាប់​មនុស្ស​ទូទៅ និង​អ្នក​ផ្សព្វផ្សាយ​»​។​

​គួរ​បញ្ជាក់ដែរថា ចំពោះ ៦​ប្រទេស ដែល Facebook បានជ្រើសរើស​សម្រាប់ធ្វើ​តេស្ត រួមមាន កម្ពុជា​, បូ​លី​វី​, ហ្គា​តេ​ម៉ា​ឡា​, ស៊ែ​ប​, ស្លូ​វ៉ា​គី និង ស្រីលង្កា​។ តាម​ការអះអាង​របស់​នាយក​ប្រតិបត្តិ Facebook លោក Adam Mosseri ដែល​គ្រប់គ្រង​លើ News Feed បាន​ឲ្យ​ដឹងថា ការធ្វើ​តេស្ត​សាកល្បង​អាចមាន​រយៈពេល​ច្រើន​ខែ​។ លោក​បន្តថា Facebook គ្មាន​គម្រោង​ធ្វើតេស្ត​ទូទាំង​ពិភពលោក​ឡើយ​៕

សុខភាព/បុរស/ស្ត្រី