• Flexa

តាម​ចែចង់​មនុស្ស​ស្រី​របៀប​ណា​ដើម្បី​ឲ្យ​នាង​ស្រលាញ់​

9 ខែ កន្លងទៅ ណូ​រ៉ា

​តាម​ចែចង់​មនុស្ស​ស្រី​ម្នាក់​មិន​ពិបាក​ទេ តែ​តាម​ស្រលាញ់​មនុស្ស​ស្រី​ម្នាក់ និង​ទទួលបាន​ក្តី​ស្រលាញ់​ពី​នាង​ត្រលប់​មកវិញ ទើប​ជា​រឿង​ពិបាក និង​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ប្រសិនជា​សុភាពបុរស​ទាំងទ្បាយ មិនចេះ​វិធីសាស្ត្រ​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​នាង​។​តើ​ធ្វើ​ដូចម្តេច​ដើម្បី​ស្រលាញ់​មនុស្ស​ស្រី​ម្នាក់​ឲ្យ​បាន​ជោគជ័យ​? លោក​ច្រាយ ចំណាន​អ្នក​និ​ព​ន្ឋ​សៀវភៅ​និយាយ​ពី​ជីវិត​អាពាហ៍ពិពាហ៍ និង​ស្នេហា​និង​ជា​អ្នក​សង្កេត​ពី​ដំណើរ​វិវិត្ត​ន៍​របស់​សង្គម បាន​មានប្រសាសន៍​ឲ្យ​គេហទំព័រ​សុខភាព​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ដើម្បី​ស្រលាញ់​មនុស្ស​ស្រី​បាន​ជោគជ័យ អ្នក​ត្រូវ​ប្រកាន់​នូវ​គោលការណ៍​មួយចំនួន​ដូចជា​

​ត្រូវ​ស្គា​ល់ពី​ខ្លួនឯង​ជា​អ្នកណា​ឲ្យ​ច្បាស់​

​ការ​ស្គាល់​ខ្លួនឯង​ច្បាស់​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​នៅពេល​យើង​ស្គា​ល់ពី​ខ្លួនឯង​ច្បាស់​ហើយ យើង​នឹង​ដឹង​ពី​សមត្ថភាព​ខ្លួន​យើង ធៀប​ជាមួយ​មនុស្ស​ស្រី​ដែល​ខ្លួន​កំពុង​ពេញចិត្ត​។ បើ​យើង​ជា​អ្នកក្រីក្រ ហើយ​ទៅ​ស្រលាញ់​មនុស្ស​ស្រី​ក្នុង​ត្រកូល​អភិជន នោះ​ពិតជា​រឿង​លំបាក​មួយ ព្រោះ​សង្គម​នេះ​មនុស្ស​ឲ្យ​តំលៃ​ទ្រព្យសម្បត្តិ​លើសពី​គុណសម្បត្តិ​ដទៃទៀត​។​

​និយាយ​បែបនេះ​មិនមែន​មានន័យថា មនុស្ស​ប្រុស​ក្រីក្រ​មិនអាច​ដណ្តើមយក​បេះដូង​ពី​កូន​អភិជន​បាន​នោះទេ ពួកគេ​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ផងដែរ ប្រសិន​ជាមាន​រូបរាង​សង្ហារ មានចំណេះដឹង​ខ្ពង់ខ្ពស់ និង​អត្ត​ច​រិ​ក​ល្អ​។​

​ត្រូវ​ចេះ​ស្រលាញ់​ខ្លួនឯង​

​ពាក្យ​ស្រលាញ់​ខ្លួនឯង​នៅទីនេះ គឺ​សំដៅ​ដល់​បុរស​ដែល​ចេះ​តុបតែង​ខ្លូន​សមរម្យ កាត់​ក្រចកដៃ​ក្រចក​ជើងបាន​ស្អាតបាត ព្រោះ​មនុស្ស​ស្រី​ដែល​ឆ្លាត​វៃ និង​រហ័សរហួន ពួកគេ​អាច​ពិនិត្យ​ពី​ច​រិ​ក​របស់​អ្នក និង​តាំងពី​ក្រចក​ដៃជើង​ទ្បើង​ទៅ​។​

​ត្រូវ​បង្ហាញ​ពី​ភាពជា​មនុស្ស​ចេះ​ទទួលខុសត្រូវ​

​ចំណុច​នេះ​សំខាន់​មែនទែន ព្រោះ​មនុស្ស​ស្រី​ស្រលាញ់​មនុស្ស​ប្រុស ដែល​ចេះ​ទទួលខុសត្រូវ​ក្នុងការ​និយាយស្តី ក៏ដូចជា​ក្នុងពេល​បំពេញការងារ ឬ​ទទួលខុសត្រូវ​ក្នុងនាម​ជា​មេ​គ្រួសារ​ជាដើម​។​

​ត្រូវ​បង្ហាញ​ពី​ភាពជា​មនុស្ស​មាន​អត្ត​ច​រិ​ក​ល្អ​

​ការ​មាន​ច​រិ​ក​ឬ​ក​ពា និង​អត្ត​ច​រិ​ក​ថ្លៃថ្នូរ ពិតជា​គុណសម្បត្តិ​មួយ​មិនអាច​កាត់ថ្លៃ​បាន ព្រោះ​មនុស្ស​ស្រី​ប្រសិនជា​នាង​ផ្តល់​ឳ​កាស​ឲ្យ​អ្នក នាង​ពិតជា​នឹង​លួច​សង្កេត​ពី​អត្ត​ច​រិ​ក​អ្នក​ដោយ​ស្ងៀមស្ងាត់​។ ដូច្នេះ​ប្រសិនជា​អត្ត​ច​រិ​ករ​បស់​អ្នក​ល្អ និង​អាច​ទទួលយកបាន​នោះ​នាង​អាច​ពិចារណា​លើ​អ្នក​មិន​ខាន​។​

​បង្ហាញ​ពី​ចិត្ត​ទូលាយ​

​ប្រសិនជា​អ្នកមាន​ពេល​ញុំ​ា​អាហារ​ជុំគ្នា​នៅ​ខាងក្រៅ អ្នក​ត្រូវតែ​ដើរតួ​ជា​អ្នកចំណាយ​ប្រាក់ និង​បើក​ការ​បូ​ប​ប្រាក់​របស់​អ្នក​ដោយ​ភាពជឿជាក់​។ អ្នក​មិនត្រូវ​អ្នក​ដាក់​កាបូប​ក្រោម​តុ ហើយ​ដកយក​ប្រាក់​ម្តង​មួយ​សន្លឹកៗ​ដើម្បី​ឲ្យ​ប្រាក់​គេ​នោះទេ​។​

​ទោះជា​អ្នកមាន​ប្រាក់​ច្រើនយ៉ាង​ណាក៏ដោយ ប្រសិនជា​អ្នក​នៅ​ដក​ប្រាក់​បែប​អឹមអៀន​មិន​ជឿជាក់​លើ​ខ្លួនឯង នោះ​ពិតជា​ចំណុចខ្សោយ​របស់​អ្នក ព្រោះ​មនុស្ស​ស្រី​ខ្លះ​ឆ្លាត​ណាស់ នាង​ចេះ​សង្កេត​តាំងពី​រឿង​តូចតាច​បែបនេះ​ទ្បើង​។​

​ត្រូវ​ជឿ​លើ​និស្ស័យ​

​មនុស្ស​ខ្លះ​ជួបគ្នា​មានរឿង​ជាច្រើន​និយាយ​គ្នា ដូច​ស្គាល់គ្នា​តាំងពី​ជាតិ​មុន​អញ្ចឹង ប៉ុន្តែ​មនុស្ស​ខ្លះ​ពេល​ជួបគ្នា​មិនមាន​រឿង​អី​និយាយ​សោះ ដូចជា​មិនដឹង​ចាប់ផ្តើម​ពី​កន្លែង​ណា និង​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​មាន​ភាព​ស្និ​ទ្ឋ​ស្នាល​ជាដើម​។ មនុស្ស​ខ្លះ​ពេល​និយាយ​ចេញមក​ហាក់​មិនគួរ​ឲ្យ​ចូលចិត្ត ឬ​ឃើញ​មុខ​ភ្លាម​ហាក់​គ្មាន​និស្ស័យ​ជាដើម ប៉ុន្តែ​ជួនកាល​និស្ស័យ​ក៏​អាចបង្កើត​ស្នេហា​ទ្បើង​បានដែរ​។​

​ដូចនេះ​មានតែ​ពេលវេលា​ទេ​ដែល​អាច​ប្រាប់​អ្នក​បាន​ថា តើ​អ្នក​អាច​ដើរ​លើផ្លូវ​នោះ​ជាមួយគ្នា​បានយូរ​ដល់​កម្រិតណា និង​អាច​ឈានដល់​ដំណាក់កាល អាពាហ៍ពិពាហ៍​ឬ​អត់ វា​អាស្រ័យ​លើ​ការ​សេពគប់​របស់​អ្នក ដូច្នេះ​អ្នក​គួរ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ការ​ណាត់ជួប​លើក​ទី​១ ក្លាយជា​ការជួបគ្នា​លើកចុងក្រោយ​។​

​ត្រូវ​ស្វែងយល់​ពី​ចិត្ត​នាង​

​នេះ​ជា​ចំណុច​ស្លាប់​រស់ក្នុង​ទំនាក់ទំនង​របស់​អ្នក ដោយសារ​ថា​គ្មាន​មនុស្ស​ណា​មិន​ចាប់អារម្មណ៍ និង​មិន​ចូលចិត្ត​មនុស្ស ដែល​យល់​ពី​ចិត្ត​របស់ខ្លួន​ទ្បើ​យ ព្រោះ​ជា​ចិត្តសាស្ត្រ​មិន​ថា​មនុស្ស​ប្រុស ឬ​មនុស្ស​ស្រី​ទេ តែងតែ​ចង់បាន​មនុស្ស​ចេះ​យល់ចិត្ត​ខ្លួន ដឹង​ពី​ចំណូលចិត្ត​ខ្លួន និង​ដឹងថា​នាង​ត្រូវការ​អ្វី​នៅពេល​នាង​រីករាយ និង​ដឹង​ពីអ្វី​ដែល​នាង​ត្រូវការ​នៅពេល​នាង​ឯកា​នោះ​ទ្បើ​យ​។​

​ហេតុនេះ​អ្នក​ត្រូវតែ​សង្កេត​ពី​ចិត្ត​របស់​នាង​ថា នាង​ជា​មនុស្ស​បែបណា នាង​ចូលចិត្ត​អ្វី​ជាដើម ឧទាហរណ៍ មនុស្ស​ស្រី​ឆ្នាស់ឆ្នើម​ជាម​នុស្ស​ដែល​ភាគច្រើន​រ៉ឹង​មាំ​តែ​ពីស​ប្បក​ក្រៅ​ប៉ុណ្ណោះ តែ​តាម​ការពិត​នាង​ជាម​នុស្ស​ឯកា ត្រូវការ​ខ្នងបង្អែក និង​ត្រូវការ​អ្នក​យល់ចិត្ត​នាង ចេះ​លួង​លោមនាង​ច្រើនជាង​នារី​ដទៃ​។​

​ប្រសិនជា​នាង​ជាម​នុស្ស​ចូលចិត្ត​អាន​ប្រលោមលោក គឺ​ត្រូវ​ដឹងថា​នាង​ជា​មនុស្ស​មាន​ច​រិ​ក​អណ្តែតអណ្តូង ដែល​ពេលខ្លះ​នាង​មិនដឹងថា​ខ្លួន​ត្រូវការ​អ្វី​ពិតប្រាកដ​ទ្បើ​យ​។ ហេតុនេះ​អ្នក​អាច​ដើរតួ​ជាទី​ប្រឹក្សា​របស់​នាង លួងលោម​នាង និង​ឧស្សាហ៍​លើកទឹកចិត្ត​នាង​ជាដើម​។​

​ប្រសិនជា​អ្នក​យល់​ពី​អារម្មណ៍​របស់​នាង ដឹងថា​នាង​ត្រូវការ​អ្វី និង​នាង​មាន​ចំណូលចិត្ត​បែបណា អ្នកទទួលបាន​ជោគជ័យ​រហូតដល់​៥០​ភាគរយ​រួចទៅហើយ​។​

​ត្រូវ​ឧស្សាហ៍​សរសើរ​នាង​

​គ្មាន​មនុស្ស​ស្រី​ណា​ម្នាក់​មិនត្រូវ​ការ​ពាក្យ​សរសើរ​នោះ​ទ្បើ​យ ហេតុនេះ​អ្នក​ត្រូវ​សរសើរ​នាង​ឲ្យ​បាន​ញឹកញាប់ នៅពេល​បាន​ជួប​មុខ​នាង ប៉ុន្តែ​អ្នក​ក៏ត្រូវ​កែតម្រូវ​នាង​ដោយ​ភាសា​ទន់ភ្លន់​ផងដែរ ប្រសិនជា​នាង​ស្លៀក​សម្លៀកបំពាក់​ដូចជា​មិនសូវ​ចុះ​ចំណោម ឬ​សម្លៀកបំពាក់​ខុស​វ័យ​របស់​នាង ឬ​និយាយស្តី​មិន​សមរម្យ​ជាដើម​។​

​វិធី​កែតម្រូវ​ដាច់ខាត មិនត្រូវ​និយាយ​បន្តុះបង្អាប់​នាង​ជាដាច់ខាត តែ​ត្រូវ​លើកសរសើរ​នាង​ផង និង​ឆ្លៀត​កែតម្រូវ​នាង​ក្នុងពេល​ដំណាលគ្នា ឧទាហរណ៍ អូន​ស្លៀក​សម្លៀកបំពាក់​នេះ​ស្អាត​ណាស់ តែ​បង​គិតថា​សម្លៀកបំពាក់​នេះ​ប្រសិនជា​ស្លៀក​ចូលរួម​ពិធី​ខុសពី​នេះ​ល្អ​ជាង និង​ថ្លៃថ្នូរ​ជាង ដូចនេះ​អូន​គួរ​ស្លៀក​បែបនេះ​ទើប​សម​ជាង បើ​យើង​ទៅ​កម្មវិធី​ដូច្នេះ​។​

​ត្រូវ​ធ្វើជា​មនុស្ស​កំប្លុក​កំប្លែង​

​គ្មាន​មនុ​ស្សណា​មិន​ចូលចិត្ត​សំណើច​នោះទេ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កក់ក្តៅ សប្បាយរីករាយ ពេល​បាន​នៅ​ជិត​អ្នក អ្នក​គួរតែ​ចេះ​កំប្លុកកំប្លែង​ខ្លះៗ ទោះជា​អ្នក​មិនចេះ​ក៏ដោយ ព្រោះ​ការនិយាយ​ដោយ​គ្មាន​ទឹកដម​របស់​អ្នក ក៏​អាចធ្វើ​ឲ្យ​នាង​ផ្ទុះសំណើច​បាន ហើយ​សំណើច​អាច​ជម្រុះ​អស់​ទុក្ខ​កង្វល់ និង​ធ្វើ​ឲ្យ​នាង​ចាប់អារម្មណ៍​នឹង​អ្នក​កាន់តែច្រើន​។​

​ជូនពរ​ឲ្យ​ការ​តាម​ស្រលាញ់​មនុស្ស​ស្រី​របស់​អ្នក ទទួលបាន​ល​ទ្ឋ​ផល​ជោគជ័យ ប្រសិនជា​អ្នកមាន​បំណង​ស្រលាញ់​នាង​ពិតប្រាកដ​។​សុខភាព​កម្ពុជា​​

សុខភាព/បុរស/ស្ត្រី