
ជាការពិតណាស់ពុំមានស្ត្រីណាម្នាក់ចង់ឲ្យស្វាមីដែលខ្លួនស្រឡាញ់គេងអោបនៅនឹងដៃទៅលួចមានស្រីខាងក្រៅនោះទេ ប៉ុន្តែចុះប្រសិនបើរឿងនោះវាអាចនឹងកើតឡើងមែននោះតើអ្នកគួរធ្វើបែបណា ? ការដើរតាមស្វាមីគ្រប់ពេលវេលា ការតិះដៀល ទៅរកគ្រូស្នេហ៏ តាមវាយស្រីកំណាន់នោះ ឫកាត់លិង្គស្វាមីចោល ? ។ ទាំងអស់នេះគឺមិនមែនដំណោះស្រាយដ៏ប្រសើរ ដើម្បីហាមឃាត់ស្វាមីនោះឡើយ ផ្ទុយទៅវិញវាមានតែធ្វើឲ្យខាតបង់ កាន់តែធ្ងន់ធ្ងរថែមទៀត ។
យោងតាមអ្នកជំនាញចិត្តសាស្ត្រនៅប្រទេសអង់គ្លេសបានឲ្យដឹងថា ជាដំបូងភរិយាគួរពិនិត្យមើល ឥរិយាបទរបស់ខ្លួនឯងជាមុនសិន តើមានខុសឆ្គងអ្វីខ្លះទើបស្វាមី ងាកទៅរកស្រីក្រៅ ? តើមានអ្នកមានខ្វះខាតតួនាទីជាមេផ្ទះដែរឫអត់ ។ បើមានត្រូវទទួលស្គាល់ និងកែប្រែជាបន្ទាន់ទោះបីជា ត្រូវលំបាក បន្តិចក៏ដោយចុះ ។ ជាទូទៅ មនុស្សយើងតែងតែមើលឃើញអ្នកដទៃថា មិនល្អបែបនេះ មុននឹងមើល ខ្លួនឯងទៀត ។
ម្យ៉ាងទៀតអ្វីដែលសំខាន់នោះ ភរិយាត្រូវនិយាយទៅកាន់ស្វាមីដោយសំដីពិរោះ មានទឹកមុខញឹមញញែម ឈប់ប្រើប្រាស់សំដីមិនល្អរបៀបមើលងាយរករឿង ឫចាប់កំហុសរឿងបន្តិចបន្តួច ។ ត្រូវចេះថែរក្សាសម្រស់ តុបតែងខ្លួនឲ្យបានស្អាតបាតសមរម្យមានក្លិនក្រអូន ព្រមទាំងមានអនាម័យជាប់ជានិច្ច ។
ចុងក្រោយក៏ត្រូវមើលផងដែរថាស្វាមីរបស់អ្នកជាមនុស្សប្រភេទណា ប្រសិនអ្នកបានខិតខំបំពេញនូវចំនុចទាំងអស់នោះហើយ ប៉ុន្តែស្វាមីរបស់អ្នកនៅតែមិនកែប្រែចរិតនោះមានន័យថាវាមិនជាកំហុសរបស់អ្នកទេ តែមកពីនិស្ស័យរបស់គេជាមនុស្សសាវាតែម្តង ៕