• Flexa

មូលហេតុ​មួយចំនួន​ដែល​បណ្តាល ឲ្យ​ចំណងអាពាហ៍ពិពាហ៍​រប​ស់​អ្នកដើរ​ដល់​ផ្លូវ​បញ្ចប់

9 ខែ កន្លងទៅ ណូ​រ៉ា

​នៅពេល​មនុស្ស​ចាប់ផ្ដើម​ស្រឡាញ់គ្នា ក៏បាន​រៀបការ​បង្កើតជា​គ្រួសារ​ឡើង​។ ការកសាង​គ្រួសារ​ជា​រឿង​ដែល​លំបាក ហើយ​មាន​មនុស្ស​មិនតិច​ទេ​ដែល​បរាជ័យ​នៅក្នុង​រឿងនេះ​។ ការចង​ចំណងអាពាហ៍ពិពាហ៍​ជា​រឿង​ពិបាក​មួយ​ទៅហើយ​ក្នុង​ការរក មនុស្ស​ដែល​ខ្លួន​ពេញចិត្ដ​បាន តែ​ការរក្សា​ចំណង​នេះ​ឱ្យបាន​គង់វង្ស​វារឹតតែ​ពិបាក​ថែមទៀត​។ គូ​ស្វាមីភរិយា​មិនតិច​ទេ ដែល​ទីបំផុត​បាន​រំដោះខ្លួន​ចេញពី​នឹម​អាពាហ៍ពិពាហ៍​ដោយ​ការ​លែងលះ​។ មាន​ហេតុផល​ជាច្រើន​ដែល​ធ្វើឱ្យ​លោកអ្នក​ទ្រាំ​រស់នៅ​ជាមួយគ្នា​តទៅទៀត​លែង​បាន​។​

​ប្ដី​ប្រពន្ធ​ជា​បុគ្គល​ពីរ​នាក់​ដែលមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស៊ីជម្រៅ ដែល​ចាំបាច់​ត្រូវតែ​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​ឬ​ចេះ​ឱ្យ​តម្លៃ​គ្នា​កុំ​ឈ្លានពាន​គ្នា​។ ចំពោះ​គូ​ស្វាមីភរិយា​ដែល​កំពុង​ស្រឡាញ់គ្នា​ស្រាប់តែ​ថ្ងៃមួយ​ពួកគេ​ព្រោះតែ​គ្រួសារ​គេ​បាន​ជំពាក់​នឹង​អ្វីមួយ មិនអាច​អធ្យាស្រ័យ​ឱ្យ​គ្នា​បាន​។ ទស្សនាវដ្ដី សុខភាព​យើង​សូម​លើកយក​ហេតុផល​ដែលនាំឱ្យ​ថ្នាំងថ្នាក់​នេះ ៧​ប្រការ​មក​ជម្រាបជូន​។​

-​ខ្វះ​ភាពស្មោះត្រង់​នឹង​គ្នា​

​ការលាក់លៀម​មិន​ស្មោះត្រង់​នឹង​គ្នា​បញ្ហា​ហិរញ្ញវត្ថុ មានការ​លាក់កំបាំង​ការមិន​គោរព​ពាក្យ​សច្ចៈ​ការបិត​កំបាំង​មិនឱ្យ​ស្គាល់​ភាពលម្អៀង​ជាដើម​។ ទាំងនេះ​សុទ្ធតែជា​រឿង​ដែល​មិនអាច​លើកលែង​ឱ្យបាន​ព្រោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​មិន​គប្បី​មាន​អាថ៌កំបាំង​ជាមួយគ្នា​ឡើយ​។ ភាពស្មោះត្រង់​ជាស​សរ​គ្រឹះ​យ៉ាងរឹងមាំ​សម្រាប់​ជីវិត​ប្ដី​ប្រពន្ធ​។​

-​ប្ដី​ប្រពន្ធ​មានគំនិត​មិនល្អ​ចំពោះ​គ្នា​

​អាច​ផ្សំគ្នា​កើតឡើង​បណ្ដាលមកពី​អ្នក​ទាំងពីរ​ពុំ​ចុះសម្រុង​នឹង​គ្នា ឬ​អ្នក​ទាំងពីរ​ពុំ​សក្ដិសម​គ្នា​ឬ​មកពី​អ្នក​ទាំងពីរ​មានគំនិត​មិន​ដូចគ្នា ឬ​របៀប​រស់នៅ​ខុសគ្នា ដូចជា​ប្រពន្ធ​ចូល​ចិ​ត្ដ​តែងខ្លួន ប្ដី​ពុំ​ចូល​ចិ​ត្ដ​ជាដើម​។ ប្រពន្ធ​មាន​របៀប​ប្ដី​ឥត​របៀប​ប្រពន្ធ​ស្លៀកពាក់​ស្អាត ប្ដី​គគ្រិច​រញ៉េរញ៉ៃ ការរស់នៅ​ដោយ​ចែក​ផែនដី​ម្ខាង​ម្នាក់ និង​សេពគប់​មនុស្ស​ក្នុងសង្គម​ខុសគ្នា​ទាំងនេះ​ជា​កត្ដា​ឈានទៅរក​ការបែកបាក់​គ្នា​។​

-​មិន​លើកតម្កើង​គំនិត​គ្នា​

​ជា​ប្ដី​ប្រពន្ធ​និង​គ្នា​ចាំបាច់​ត្រូវតែមាន​ការគោរព​គ្នា​ទៅវិញទៅមក ស្គាល់​តួនាទី​រៀងៗ​ខ្លួន​ពុំ​ចាំបាច់​ទាមទារ​ឱ្យ​អ្នកណា​មាន សិទ្ធ​អំណាច​លើ​នរណា​នោះទេ​។ បើ​ប្ដី​ចេញទៅ​ធ្វើ​ការងារ​រកប្រាក់​ចំណូល​ចូល​ផ្ទះ​ស្ដ្រី​ជា​ប្រពន្ធ​ត្រូវមាន​ភារកិច្ច​ចាត់ចែង​រៀបចំផ្ទះ​សម្បែង ទោះបីជា​ការងារ​ទាំងនេះ​មិនអាច​វាស់វែង​ជា​ទឹកប្រាក់​បាន​ក៏ដោយ​ក៏​បុរស​ជា​ប្ដី​មិនត្រូវ​បន្ទាបបន្ថោក​ការងារ​ទាំង​នេះដែរ ចាំបាច់​ត្រូវតែ​ឱ្យ​តម្លៃ ហើយ​ជួយ​កិច្ចការ​ទាំងនេះ​ដោយ​មិនត្រូវ​មើល​នឹង​ភ្នែក​ទេ​។ ធ្វើ​ដូចនេះ​ទើប​រឿង​វិវាទ​មិន​កើតមានឡើង​បាន​។​

- រវាង​អ្នក​ទាំងពីរ​ចាយវាយ​ពុំ​ត្រូវ​គោលដៅ​

​បញ្ហា​នេះ ភាគច្រើន​តែង​ធ្លាក់​ទៅលើ​នារី​ភេទ​ជា​ចម្បង ព្រោះ​ស្ដ្រី​ជា​អ្នកចំណាយ​សព្វបែបយ៉ាង​ចំពោះ​គ្រួសារ​នេះ​ជា​បញ្ហា មួយ​ដែល​ស្ដ្រី​ធ្វើ​ក៏​ខុស​ពុំ​ធ្វើ​ក៏​ខុស​។ ដូច្នេះ​តើ​ស្ដ្រី​ត្រូវធ្វើ​ដូចម្ដេច​កុំឱ្យ​ខុស​? បញ្ហា​នេះ​ត្រូវធ្វើឡើង​ដោយ​យើង​ត្រូវ​មើល​ចំណូល​ជាប្រចាំ​របស់​គ្រួសារ​(​មធ្យម តិច ច្រើន​)​។ សុភាព​ស្ដ្រី​ត្រូវ​ចេះ​លៃលក​ទិញដូរ​ទុកដាក់​ទៅតាម​កម្រិត​ដែលមាន កុំ​ឃ្លាន​ចង់​ទិញ​តាម​អ្នកមាន នាំឱ្យ​វ័ណ្ឌក​ដល់​ខ្លួនឯង បង្កើតជា​បំណុល​ឱ្យ​គ្រួសារ​កើតក្ដី​ក្ដៅក្រហាយ​មាត់ធំមាត់តូច​ដាក់គ្នា ច្បាស់​ជា​ឈានដល់​ការលែង​លះ​ជា ពុំខាន​។​

-​រឿង​លើ​គ្រែ​

​ក្នុងស្ថានភាព​គ្រួសារ​របស់​ប្ដី​ប្រពន្ធ រឿង​លើ​គ្រែ​ជា​បញ្ហា​សំខាន់បំផុត ការងារ​នេះ​បើ​យើង​យល់ព្រម​ជាការ​ងាយ​តែបើ​ផ្ទុយ ទៅវិញ​ងាយ​នឹង​ក្លាយជា​គ្រោះថ្នាក់​ចំពោះ​មនោសញ្ចេតនា​ប្ដី​ប្រពន្ធ​ណាស់​។ ជាធម្មតា​ការរួមរ័ក​ស្នេហា​បុរស​ច្រើន​មាន​ចំណង់​ជាង​ស្ដ្រី ព្រោះ​ធម្មជាតិ​បាន​តាក់តែង​មក​យ៉ាង​ដូច្នេះ​។ ចំណុច​នេះហើយ​ដែល​ទាមទារ​ឱ្យ​ភរិយា​យោគយល់​ឱ្យបាន​ច្រើន​អំពី​បញ្ហា​នេះ​។ ការមិន​ចេះ​យល់​ទុក្ខ​ធុរៈ​គ្នា​ពេលខ្លះ​អាច​ក្លាយ​ទៅ​បញ្ហា​ដែល​បង្កឱ្យមាន​ការលែង​លះ​បាន​។​

. ទំនាក់ទំនង​ចំពោះ​ញាតិ​មិ​ត្ដ​

​មិនមែន​គោលដៅ​អាច​ចំពោះតែ​ឪពុកម្ដាយ​ខាង​ប្ដី ហើយ​មិន​រវល់​ដល់​ឪពុកម្ដាយ​បងប្អូន​ខាង​ប្រពន្ធ​ឡើយ​។ មនុស្ស​នៅ​ជុំវិញ​លោកអ្នក​និង​ក្លាយជា​របង​ការពារ​គ្រួសារ​ឱ្យ​រឹងមាំ ត្រូវ​ចេះ​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​ញាតិ​មិ​ត្ដ​ដែល​នៅ​ជុំវិញ​កុំ​មើលរម្លង​ហើយ​ស្មានថា​គេ​មិន​ស្មើ​យើង នោះ​ជា​ការខុស​ទាំងស្រុង​។ ការរស់នៅ​ក្នុងសង្គម​ភាព​ឯកោ​មិនមែន​បានសេចក្ដីថា​លោកអ្នក​បាន​សុខ​ឡើយ ថ្ងៃ​ណាមួយ​លោកអ្នក​ជួបនឹង​ឧបសគ្គ​មានតែ​ញាតិ​នោះឯង​ដែល​តែង​ជួយ​គ្រួសារ​លោកអ្នក​ឱ្យ​ចាក​ផុតពី​ទុក្ខវេទនា​។​

-​អំពើហិង្សា​ក្នុង​គ្រួសារ​

​នេះ​ជា​ទង្វើ​ដែល​មិនអាច​អត់ឱន​ឱ្យ​បានទេ ព្រោះ​បើកាលណា​ប្ដី​ប្រពន្ធ​ដាច់​ចិ​ត្ដ​លើកដៃ​វ៉ៃ​គ្នា​ហើយ​បានន័យថា​ពួកគេ​លែង មាន​មនោសញ្ចេតនា​ការស្រឡាញ់​ចំពោះ​គ្នា​ទៀតហើយ ស្នេហា​របស់​ពួកគេ​បាន​ស្លាប់​រលត់​ទៅហើយ​។ ប្ដី​ប្រពន្ធ​ជា​មនុស្ស​ពីរ​នាក់​ដែល ស្និទ្ធស្នាល​និង​គ្នា​ជាង​នរណា​ទាំងអស់ ទោះជា​ឪពុកម្ដាយ​ក៏​នៅ​តិចជាង​ដែរ​ហេតុនេះ​មិនគួរ​ព្រោះតែ​កំហឹង​ធ្វើឱ្យ​បាត់បង់​នោះទេ​។ អំពើហិង្សា​មិន​តែ​មិន​គប្បី​ចំពោះ​មនុស្ស​ដែល​លោកអ្នក​ស្រឡាញ់​នោះទេ​ថែមទាំង​ត្រូវ​ប្រឈមមុខ​ចំពោះ​ច្បាប់​ទៀតផង​។​

​អ្វីដែល​លើក​មក​ជម្រាបជូន​ខាង​លើ​នេះ គ្រាន់តែ​ជា​ចំណុច​មួយចំនួន​តែប៉ុណ្ណោះ​នៅមាន​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​ដែល សុទ្ធតែជា​រឿង​ផ្ទៃក្នុង​របស់​បុគ្គល​ម្នាក់ៗ ដូច​ពាក្យ​ដែលថា ចង្កៀង​ផ្ទះ​នរណា​ភ្លឺ​ផ្ទះ​អ្នកនោះ​។ មាន​គូ​ស្វាមីភរិយា​មិនតិច​ទេ ដែល​អ្នក ជិតខាង​មិន​បានឮ​សូរសម្លេង​ឈ្លោះប្រកែក​គ្នា ឬក៏​សញ្ញា​នៃ​ការ​លែងលះ​នោះ​ស្រាប់តែ​ពួកគេ​ដឹក​ដៃ​គ្នា​ទៅ​តុលាការ​លែងលះគ្នា​តែម្ដង​។ ទាំងនេះ​អាច​បញ្ជាក់ថា​ពួកគាត់​ប្រាកដជា​មានរឿង​អ្វីដែល​មិនអាច​ទ្រាំ​រស់​ជាមួយគ្នា​តទៅ​បាន​ហើយ​។

សុខភាព/បុរស/ស្ត្រី